នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ជំរុញ​មន្ត្រី​មូលដ្ឋាន​លើកកម្ពស់​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​

122

ព្រៃវែង៖ ​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កញ្ជ្រៀច បាន​ជម្រុញ​ដល់​មន្ត្រី​មូលដ្ឋាន​ឲ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព និង​ការផ្តល់​សេវាសាធារណៈ​ជូន​ដល​បងប្អូន​ប្រជាពលរដ្ឋ​។​

​​ថ្លែង​នៅក្នុង​កម្មវិធី ប្រកាស​សមាសភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កញ្ជ្រៀច ដើម្បី​ពិនិត្យ គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នៅ​សាលាស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​លើកឡើងថា ក្នុងនាម​យើង​ជា​មន្ត្រី​បំរើ​ប្រជាពលរដ្ឋ​ត្រូវខិតខំ​សកម្មភាព​ឲ្យ​ដូចនឹង​ភ្លៀងរលឹម​ក្នុងការ​ចុះជួយ​ដល់​ពួក កាត់​ពេលដែល​ជួប​ទុក្ខលំបាក និង​បញ្ហា​ផ្សេងៗ​ជាដើម​។​

​​ឯកឧត្តម​ បាន​ជំរុញ​ដល់​មន្ត្រី​មូលដ្ឋាន​ទាំងនោះ​ទៀតថា ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​ការងារ​ផ្សព្វផ្សាយ​ជា​អាទិភាព​នូវ​កម្មវិធី​នយោបាយ យុទ្ធនា​ការសំខាន់ៗ សភាពការណ៍​ថ្មីៗ និង​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល បន្ត​បើក​វេទិកាសាធារណៈ ជាពិសេស​ចុះ​តាម​ខ្នង​ផ្ទះ ដើម្បី​ក្តាប់បាន​ពី​កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

ក្នុងនាម​ជាម​ន្ត្រី​បំរើ​ប្រជាពលរដ្ឋ​ត្រូវ​លើកកម្ពស់​ប្រសិទ្ធភាព ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ​ដោយ​ឈរលើ​អភិក្រម​ទាំង​៥ និង​គិតពី​ផលប្រយោជន៍​ស្របច្បាប់ របស់​ប្រជាពលរដ្ឋ ជាពិសេស​អប់រំ​ណែនាំ​មន្ត្រី​នៅ​មូលដ្ឋាន​ឲ្យ​កែ​ប្រែ​អាកប្បកិរិយា អត្តចរិត ភាព​អសកម្ម​ដើម្បី​ធ្វើជា​មន្ត្រី​បុព្វហេតុ​។​ត្រូវ​រួមចំណែក​បង្កើត​ភាពកក់ក្តៅ ដល់​បរិយាកាស​សន្តិសុខ​សង្គម ពង្រឹង​ប្រជា​ការពារ កសាង​ក្រុម​អ្នកស្ម័គ្រចិត្ត លុបបំបាត់​ភាពអវិជ្ជមាន​ដូចជា ក្មេង​ទំនើង ល្បែងស៊ីសង គ្រឿងញៀន​ជាដើម​។​

យ៉ាងណាក៏ដោយ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​មូលដ្ឋាន​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កញ្ជ្រៀច​បានបញ្ជាក់​ថា ក្រុមការងារ​ពុំមាន​តួនាទី​សម្រេច​ភារកិច្ច ជំនួស​ក្រសួង ស្ថាប័ន​ជំនាញ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​សមត្ថកិច្ច​នោះទេ យើង​ជា​អង្គភាព​សម្របសម្រួល​ឆ្លើយតប និង​ទទួលយក​នូវ​រាល់​សំណូមពរ ឬក៏​តម្រូវការ បញ្ជូនទៅ​ស្ថាប័ន​ជំនាញ​ដើម្បី​ដោះស្រាយ​តែប៉ុណ្ណោះ​ហើយ​ក្រុមការងារ​ថ្នាក់ជាតិ ត្រូវ​ដឹកនាំ​ជំរុញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​លើកកម្ពស់​ការងារ​ស្របតាម​តួនាទី ភារកិច្ច​ទទួលខុសត្រូវ រួច​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ឬ​ជំនាញ​ជាដើម​។​

ជាមួយគ្នា​នោះដែរ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ប្រាប់​ដល់ ក្រុមការងារ​ត្រូវ​រៀបចំ​កម្មវិធី​ការងារ ចាត់តាំង​មន្ត្រី​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​បើក​វេទិកាសាធារណៈ ជាពិសេស​ថ្នាក់ឃុំ ស្រុក​ត្រូវធ្វើ​របាយការណ៍ និង​ប្រជុំ​ឲ្យ​បាន​ទៀងទាត់​តាម​ការកំណត់​៕