ធុរជន​ជាង​២ពាន់​នាក់​ មកកាន់​កម្ពុជា ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​

157

ភ្នំពេញ ​៖ នៅ​ថ្ងៃទី​៥ ខែមិថុនា កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រារព្ធ​ពិធី​ឆ្នាំ​ទេសចរណ៍ ​វប្បធម៌​កម្ពុជា-​ចិន​ ​លើក​ទី​២​ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា ​កម្មវិធី​នេះ​ នឹង​មាន​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​វប្បធម៌​ចិន ​និង​បណ្តា​ធុរជន​ប្រទេស​ចិន​ប្រមាណ​ជាង​២០០០​នាក់ ​នឹង​មក​កម្ពុជា​ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ថ្លែងប្រាប់​BTV តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃទី​២ ខែមិថុនា​ ឯកឧត្តម សុង តុង​ហាប អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ នៅក្នុង​ឱកាស​ការប្តូរ​វេន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ឆ្នាំ​ទេសចរណ៍​ វប្បធម៌​កម្ពុជា​ចិន ​លើក​ទី​២ ដែល​ចាប់ពី​ថ្ងៃទី​២ ​ដល់ទី​៨ ខែមិថុនា​ នៅតាម​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ ​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ខេត្តសៀមរាប​។ ​ក្នុង​ព្រឹត្តិការណ៍​នោះ​នឹង​មាន​សំដែង​របាំ​ត្រុដិ និង​របាំ​ប្រពៃណី​ផ្សេងទៀត ​ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​បេសកជន​ធុរកិច្ច​ចិន​២០០០​នាក់ ​មក​ទស្សនា​កម្ពុជា​។

ឯកឧត្តម​ បាន​ថ្លែងថា បណ្តា​ក្រុម​បេសកជន​ធុរកិច្ច​ចិន​មក​ទស្សនា​កម្ពុជា​ នៅពេលនេះ ​គឺ​ភាគច្រើន​ជា​អ្នកវិនិយោគទុន ​និង​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ​របស់​ប្រទេស​ចិន​ ដែល​គេ​មាន​ឥទ្ធិពល​សំខាន់ ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគទុន​ចិន ​ភ្ញៀវទេសចរ​ចិន​ មក​ទស្សនា​កម្ពុជា​ អោយ​កាន់តែ​ច្រើនជាង​នេះ​។

ឯកឧត្តម​ សុង តុង​ហាប់ ​បាន​ថ្លែងថា តាម​កម្មវិធី​ប្រារព្ធ​ឆ្នាំ​ ទេសចរណ៍វប្បធម៌​កម្ពុជា​ចិន ​ឆ្នាំនេះ ក្រៅពី​មាន​ប្រារព្ធ​កម្មវិធី​សំដែង​សិល្បៈ​ទេសចរណ៍​វប្បធម៌​កម្ពុជា​ចិន ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ថ្នាក់ដឹកនាំ​ប្រតិភូ​ធុរជន​ចិន​ ក៏​នឹង​អញ្ជើញ​ចូល​ជួប​ថ្នាក់ដឹកនាំ​សំខាន់ៗ​ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគទុន ​និង​អញ្ជើញ​ទៅ​ទស្សនា​ប្រាង្គ ប្រាសាទ​អង្គរវត្ត ​និង​តំបន់​ទេសចរណ៍​នានា​ជាច្រើន​ទៀត​។

កម្ពុជា​បច្ចុប្បន្ន​ក៏​ដូច​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ាន ​និង​លើ​ពិភពលោក​បាន​ និងកំពុង​ខិតខំ​ផ្តល់​សេវា​ល្អ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ នៅក្នុង​ប្រទេស​របស់ខ្លួន ​ខណៈ បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក ​គឺ​មានតែ​ប្រទេស​ចិន​នោះទេ​ ដែល​មាន​ពលរដ្ឋ​របស់​ខ្លួន​ធ្វើដំណើរ​ចេញទៅ​ទស្សនា ​នៅក្រៅ​ប្រទេស​ច្រើនជាង​បង្អស់​។

ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវ​ចិន​មក​ទស្សនា​កម្ពុ​ជា​មាន​ប្រមាណ​ជិត​៧០​ម៉ឺន​នាក់ ខណៈ​ភ្ញៀវ​បរទេស​មកពី​វៀតណាម ​ឡាវ ថៃ កូរ៉េ អា​មេ​រិក​ ជប៉ុន ​បារាំង​និង​អង់គ្លេស​បូក​បញ្ចូល​គ្នា​មាន​ ជិត​៧០​ម៉ឺន​នាក់​៕