ប្រមុខ​ការពារ​ជាតិចិន​ បញ្ជាក់ថា​ ចិន​គ្មាន​មូលដ្ឋាន​កងទ័ព​នៅ​កម្ពុជា​នោះឡើយ

175

ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ វ័យ ហ៊្វុង​ហ​រ័ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​ បាន​ថ្លែងប្រាប់​ដល់​បណ្តា​រដ្ឋ ​មន្ត្រី​ក្រសួងការពារជាតិ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និង​អឺរ៉ុប​ថា ​រដ្ឋាភិបាល​ចិន​គ្មាន​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា​ ដូច​ការចោទប្រកាន់​អ្នកសារព័ត៌មាន​បរទេស​មួយ​កាលពី​កន្លងទៅ​នោះ​ឡើយ​។

ការ​បដិសេធ​របស់​ប្រមុខ​ការពារ​ជាតិចិន​រូប​នេះ ​គឺ​បាន​ធ្វើឡើង​ក្រោយ​មាន​សំនួរ​ពី​សំនួរ​របស់​អ្នក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨​ ដែល​ហៅ​កាត់​ថា​ Shangri-La Dialogue​ នៅ​ប្រទេស​សិង្ហបុរី នា​ព្រឹក​ថ្ងៃទី​២​ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដោយមាន​ភាគី​ចូលរួម​មកពី​ប្រទេស​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ​និង​អឺរ៉ុប​ជាង​៥០​ប្រទេស​នោះ​។

ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ វ័យ ហ៊្វុង​ហ​រ័ ​ បាន​ប​ញ្ជាក់​យ៉ាងច្បាស់​ថា​«​រដ្ឋាភិបាល​ចិន​អត់​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា ​ដូច​មាន​ពាក្យ​ចចាមអារ៉ាម ​ថា​ចិន​បាន​បង្កើត​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​បទុម​សាគរ ​ខេត្តកោះកុង ​ដែល​ជា​ទីតាំង​ ក្រុមហ៊ុន ញូ​ញៀន ​មកពី​ប្រទេស​ចិន​កំពុង​ធ្វើការ​អភិវឌ្ឍ​នោះទេ​»​

នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨​ (The Shangri-La Dialogue) ដោយមាន វត្តមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ​ជាន់ខ្ពស់​ជាច្រើន​ទៀត​នោះ​បាន​ពិភាក្សាគ្នា​ជាច្រើន​ ផ្នែក​លើ​សន្តិសុខ​ក្នុង​បំបន់​ក៏ដូចជា​ ពិភពលោក ​និង​បញ្ហា​ភេរវកម្ម​ដែល​កំពុង​កើតឡើង​ជាដើម​។

ក្នុង​រយៈពេល​ពីរ​ថ្ងៃ ​នៃ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ ​នៅ​ប្រទេស​សិង្ហបុរី ប្រមុខ​ការ​ពារជាតិ​មកពី​បណ្តា​ប្រទេស​នានា ​ក្នុង​តំបន់​អាស៊ី ​ប៉ាស៊ីហ្វិក និង អឺរ៉ុប​ បាន​ឡើង​ថ្លែង​សន្ទរកថា​គន្លឹះ​ដើម្បី​ប្រាប់​អោយ​ពិភពលោក​ បាន​ដឹង​អំពី​ភាព​ស្មុគស្មាញ​ និង ការ​ប្រឈម ​ផ្នែក​សន្តិសុខ​ក្នុង​ពេល​បច្ចុប្បន្ន ​ព្រមទាំង​បាន​ចែករំលែក​នូវ ​ទស្សនៈ​សភាពការណ៍​ថ្មីៗ ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ ដើម្បី​ជា​ប្រ​យោ​ជន៍​ នាំមក​នូវ សន្តិភាព និង ស្ថេរភាព​ក្នុង​តំបន់​ជាដើម​៕