មន្ត្រី​អាហ្វហ្គានីស្ថាន​៖ ការ​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​រថយន្ត​ក្រុង​​នៅ​រដ្ឋ​ធានី​សម្លាប់​មនុស្ស​ ៥នាក់​

83

អាហ្វហ្គានីស្ថាន៖ មន្ត្រី​​អាហ្វហ្គានីស្ថាន​​និយាយ​ថា គ្រាប់​បែក​​​ចង​ភ្ជាប់​​នៅ​ក្នុង​​រថយន្ត​ក្រុង​ ១គ្រឿង​​បាន​ផ្ទុះ​ឡើង​​​ក្នុង​រដ្ឋ​ធានី​​កាប៊ុល​ ដែល​បាន​សម្លាប់​មនុស្ស ៥នាក់ និង​​របួស ១០នាក់​។ លោក ណាស់រ៉ាត រ៉ាហីមី អ្នក​នាំ​ពាក្យ​​របស់​ក្រសួង​​មហាផ្ទៃ​​​លើក​ឡើង​ថា ការ​វាយប្រហារ​​កាល​ពី​ថ្ងៃ​ចន្ទ​​ផ្តោ​ត​គោល​ដៅ ​​ទៅ​លើ​រថយន្ត​​ក្រុង ១គ្រឿង​ដែល​ដឹក​​ក្រុម​អ្នក​ដំណើរ​បំរើ​ការ​ងារ​ក្នុង​រដ្ឋាភិបាល​។ ​

មិន​ទាន់​​មាន​​ការ​​អះអាង​​ទទួល​ខុស​ត្រូវ​ភ្លាមៗ ​ចំពោះ​ការ​វាយប្រហារ​​​នោះ​ទេ ប៉ុន្តែ​​ទាំង​ក្រុម​តាលីបង់​​ ទាំង​​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ​​កំពុង​ធ្វើ​សកម្មភាព​​នៅ​ក្នុង​ក្រុង​កាប៊ុល និង​បាន​​បង្កើន​ការ​វាយ​ប្រហារ​នៅ​ទី​នោះ។ ​រលក​នៃ​ការ​វាយប្រហារ​​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ ​ក្នុង​រដ្ឋ​ធានី​កាប៊ុល​​កាល​ពី​ជាង​មួយ​សប្ដាហ៍​​កន្លង​ទៅ​។ ​ការ​បំផ្ទុះ​គ្រាប់​បែក​​ ៤លើក​​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​​មុន ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ២នាក់ និង​របួស ២៧នាក់ ​មុន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​​កន្លង​ទៅ៕

អត្ថបទ៖ រិទ្ធី