ចិន​ព្រមាន​ដល់​សិស្ស ​និង​អ្នក​ជំនាញ​ផ្នែក​អប់រំ​អំពី​ការ​សម្រេច​ចិត្ត​ទៅ​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក

227

ចិន៖ ប្រទេស​ចិន​បាន​ព្រមាន​សិស្ស ​និង​អ្នក​ជំនាញ​ផ្នែក​អប់រំ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣ ​ខែ​មិថុនា អំពី​ហានិភ័យ​នៃ​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក ​ដោយ​លើកឡើង​ពី​ការ​កើន​ឡើង​នៅ​ក្នុង​ការ​បដិសេធ​ទិដ្ឋាការ​ និង​ការ​ពន្យារពេល​ ចំ​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់​រវាង​ប្រទេស​ទាំង២​។

ស្ថានីយ៍​ទូរទស្សន៍​រដ្ឋដែល​ដកស្រង់​ប្រភព ​របស់​ក្រសួង​អប់រំ​​ប្រទេស​ចិន​បាន​និយាយ​ថា​ និស្សិត​មួយ​ចំនួន​ដែល​កំពុង​ស្វែងរក​ការសិក្សា​នៅ​អាមេរិក ​បាន​ជួបប្រទះ​បញ្ហា​នានាដូចជា រយៈពេល​នៃ​ទិដ្ឋាការ​របស់​ពួកគេដែល​ត្រូវ​បាន​កំណត់ និង​ការ​កើន​ឡើង​នៃ​ការ​បដិសេធ​ទិដ្ឋាការ​។​ ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​បាន​បន្ថែម​ថា បញ្ហា​នេះ​បាន​ប៉ះ​ពាល់​ដល់​និស្សិត​ចិន ​ដែល​នឹង​ទៅ​សិក្សា​នៅ​ក្នុង​សហរដ្ឋអាមេរិក ឬបញ្ចប់​ការសិក្សា​របស់​ពួកគេ​ទៅ​ដោយ​រលូន។

ក្រសួង​អប់រំ​រំឭក​សិស្ស​-​និស្សិត​ និង​បញ្ញវន្ត​អំពី​ភាព​ចាំ​បាច់​ ក្នុង​ការ​ពង្រឹង​ការវាយតម្លៃ​ហានិភ័យ​ មុន​ពេល​ទៅ​សិក្សា​នៅ​បរទេស​ ដោយ​បង្កើន​ការ​យល់​ដឹង​ពី​ការ​បង្ការ និង​ត្រៀមលក្ខណៈ​ឆ្លើយតប​ឲ្យ​បាន​សមស្រប​។​ ​ចិន​គឺជា​ប្រភព​ធំ​បំផុត​នៃ​និស្សិត​អន្តរជាតិ​នៅ​តាម​សាលា​ ឬ​សកល​វិទ្យាល័យ​នានា​របស់​សហរដ្ឋ​អាមេរិកដែល​មាន​ចំនួន ​360,000នាក់​កាលពី​ឆ្នាំមុន ​ឬមួយ​ភាគ​បី​នៃ​និស្សិត​បរទេស​។ សិស្ស​-​និស្សិត​ជាច្រើន​បង់​លើ​ការសិក្សា​ពេញ​៕

អត្ថបទ៖ សុខ​មាន