អ្នក​វិភាគ​៖ ​សហរដ្ឋ​អាមេរិក​មិន​អាច​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ឡើយ​

347

អាមេរិក៖ ​អ្នកវិភាគ​ម្នាក់​និយាយ​ថា សហរដ្ឋអាមេរិកមិន​អាច​ទទួល​បាន​លទ្ធផល​ តាម​កាលដែល​ខ្លួន​រំពឹង​ទុក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​បាន​រីក​កាន់តែ​ធំ​ដោយ​ការ​តម្លើង​ពន្ធ​ជុំ​ថ្មី​ លើ​ផលិតផល​របស់​ប្រទេស​ចិន​បាន​ឡើយ។

​លោក សារ៉ូ​ហាន ហា​ទី​ផូ​គ្លូ អគ្គនាយក​នៃ​ក្រុមហ៊ុន Business Environment Risk Intelligence(BERI) ​បាន​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​នៅ​ក្នុង​បន្ទប់​ផ្សាយ ​របស់​ស្ថានីយ​បណ្ដាញ​ទូរទស្សន៍​សកល​ចិន (China Global Television Network)​ កាលពី​ថ្ងៃ​សៅរ៍​ជិត​មួយ​សប្ដាហ៍ ​បន្ទាប់ពី​សេត​វិមាន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​17 ខែ​កញ្ញា​ដែល​ប្រកាស​ថា ​រដ្ឋាភិបាល​របស់​ខ្លួន​នឹង​តម្លើង​ពន្ធ​ ១០%​ មាន​ទំហំ​ទឹកប្រាក់​ប្រហែល ​200ពាន់​លាន​ដុល្លារ​អាមេរិក​ លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ​ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​24 ខែ​កញ្ញា​នេះ​ហើយ​ការ​តម្លើង​ពន្ធ​ដល់ ​២៥%​ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​1 ខែ​មករា​ឆ្នាំក្រោយ​។​ រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយ​ថា កា​រត​ម្លើង​ពន្ធ​នាំ​ចូល​នេះ​គឺជា​ការ​បញ្ចប់​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អយុត្តិធម៌​ហើយ​នឹង​ជួយ​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​អាមេរិក ខណៈ​អាមេរិក​ប្រកាស​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ចិន​មាន​ទំហំ​ធំ​ពេក​។

​លោក​ ម៉ៃ​ ផូ​ម​ផូ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​ក្នុង​បទសម្ភាសន៍​មួយ​ ជាមួយ​សារព័ត៌មាន Fox News បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។ ​ចិន​ត្រូវ​បាន​ជាប់​គាំង​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា ​ខាង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​។​ ក្រុង​ប៉េកាំង​បាន​សន្យា​ជា​ច្រើន​ ដើម្បី​បើក​ចំហ​វិស័យ​នានា​ចាប់ពី​រថយន្ត​ ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​វិនិយោគ​បរទេស​បន្ថែម​ទៀត​។ លោក ត្រាំ ​បាន​គំរាម​តម្លើង​ពន្ធ​លើក​ទី​៣ លើ​ទំនិញ​ដែល​មាន​តម្លៃ ២៦៧​ពាន់​លាន​ដុល្លារ​តារាង​តម្លើង​ពន្ធ​របស់​ខ្លួន​៕
​អត្ថបទ៖ សុខ​មាន