ក្រុម​អ្នក​តវ៉ា​​ហៃទី​​ដុត​កង់​​រថយន្ត​បិទ​ផ្លូវ​​បណ្ដាល​ឲ្យ​ស្ទះ​​ចរាចរ​នៅ​តាម​ផ្លូវ​​ជាតិ​​ក្នុង​ទីក្រុង​​ព័រអូប្រាំង​

127

ហៃទី៖ ក្រុម​អ្នក​តវ៉ា​​រាប់​ពាន់​នាក់​ បាន​ស្រែក​ប្រកាស​​បរិហារ​​អំពី​អំពើ​ពុក​រលួយ​ បាន​បិទ​ផ្លូវ​ជាតិ​​មួយ​ចំនួន​ ហើយ​ដំណើរ​​ការ​មួយ​ភាគ​ធំ​​នៅ​ក្នុង​រដ្ឋ​ធានី​ប្រទេស​ហៃ​ទី​ ​ត្រូវ​ជាប់​គាំង​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​ ខណៈ​​ពួក​គេ​ទាម​ទារ​​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​​លោក​ប្រធានាធិបតី​ ចូវ៉ីន ណែលម៉យ ហើយ​យ៉ាង​ហោច​ណាស់​​ក៏​មាន​​មនុស្ស​ម្នាក់ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​បង់​ជីវិត​​ដែរ។

ក្រុម​បាតុករ​​បាន​ដុត​​កង់​រថយន្ត​​ជា​ច្រើន និង​បាន​គប់​​ដុំ​ថ្ម​​ អំឡុង​​ពេល​ដើរ​ក្បួន​នៅ​ក្នុង​ទីក្រុង​​ព័រអូប្រាំង។ ហាង​​លក់​ទំនិញ​​​ជា​ច្រើន និង​ស្ថានីយ​ប្រេង​ឥន្ធនៈ​​​ត្រូវ​បាន​បិទ​​ ហើយ​ការ​ធ្វើ​ដំណើរ​​រវាង​ទីក្រុង​មួយ​ចំនួន​ត្រូវ​បាន​រាំង​ស្ទះ ខណៈ​​​ក្រុម​អ្នក​តវ៉ា​​បាន​បិទ​ផ្លូវ​​ធ្វើ​ចរាចរ​​ដោយ​ដាក់​រថយន្ត​, ដុំ​ថ្ម និង​​របស់​របរ​​ធំ​ៗ​ផ្សេង​​ៗ។ ​កង​កម្លាំង​នគរបាល​​បង្កើត​​របាំង​ការពារ​​មួយ​ចំនួន ​​នៅ​ក្បែរ​វិមាន​​ប្រធានាធិបតី​ និង​បាន​​បាញ់​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក ​​នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​​មាន​បំណង​​ព្យាយាម​ ​សម្រុក​ចូល​ទម្លុះ​កាត់​របាំង​​ការពារ​របស់​នគរបាល។ ​អ្នក​សារព័ត៌មាន​​បាន​ឃើញ​​យ៉ាង​​ហោច​ណាស់ ​មនុស្ស​ម្នាក់​ដែល​បាន​បាត់​បង់​ជីវិត​​ បន្ទាប់​ពី​​មាន​ការ​បង្ក្រាប​​ដោយ​ការ​ផ្ទុះ​​អាវុធ​​ដែល​នៅ​ក្បែរ​នោះ។

ក្រុម​អ្នក​តវ៉ា​​កំពុង​ទាមទារ​​ឲ្យ​មាន​ការ​​ស៊ើប​អង្កេត​ ​បន្ត​ទៅ​មុខ​​ទៅ​ក្នុង​រឿង​​ប្រភព​ថវិកា​ ដែល​បាន​មក​ពី​ការ​ដឹក​ជញ្ជូន​​ប្រេង​​ ដែល​មាន​​ការ​ឧបត្ថម្ភ​មក​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា​ ស្ថិត​ក្រោម​កម្ម​វិធី​ប៉េត្រូលខារីប។ ​ការ​ស៊ើប​អង្កេត​​របស់​​ព្រឹទ្ធសភា​​នា​ពេល​ថ្មី​ៗ​បាន​សម្រេច​​ថា យ៉ាង​ហោច​ណាស់​​អតីត​មន្ត្រី​​រដ្ឋាភិបាល​​ចំនួន ១៤នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ប្រើប្រាស់​​ប្រាក់​ចំនួន ៣ពាន់ ៨រយ​លាន​ដុល្លារ​អាមេរិក ​ស្ថិត​​ក្រោម​រដ្ឋបាល​របស់​លោក​អតីត​​ប្រធានាធិបតី​ មីសែល ម៉ាតែលលី។ សេដ្ឋកិច្ច​​បាន​ដួល​រលំ​​របស់​ប្រទេស​​វេណេហ្ស៊ុយអេឡា​ បាន​បង្ខំ​ឲ្យ​ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​​ត្រូវ​បញ្ឈប់​ ឬ​ក៏​ត្រូវ​​កាត់​បន្ថយ​ភ្លាមៗ​នូវ​ការ​នាំ​ប្រេង​ឥន្ធនៈ​​ចេញ ​តាម​នាវា​នៃ​កម្ម​វិធី​​​ប៉េត្រូ​ការីប ដែល​នាំ​​ឲ្យ​មាន​បញ្ហា​សម្រាប់​បង្កើត​ថាមពល​អគ្គិសនី​ប្រើប្រាស់​៕

អត្ថបទ៖ រិទ្ធី