ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី​ និង​តាជីគីស្ថាន​​ ចំនួន​បី​ថ្ងៃ

154

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី ​និង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥​ ស្តីពី​អន្តរសកម្មភាព និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​ នៅ​សាធារណរដ្ឋ​តាជីគីស្ថាន​ ចំនួន​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ​១៣ ដល់​ថ្ងៃទី ១៥ ​ខែមិថុនា ឆ្នាំ​២០១៩​ ខាងមុខនេះ​។

យោង​តាម​សេចក្តី ​ជូនដំណឹង​របស់​ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បាន​ចេញ​ផ្សាយ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ បាន​ឲ្យ​ដឹងថា ​អមដំណើរ​ដោយ​ឯកឧត្ដម ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​ និង​សមាជិក​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី ​និង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥ ស្តីពី អន្តរសកម្មភាព ​និង​វិធាន​ការកសាង​ទំនុក​ចិត្ត​នៅ​អាស៊ី ​នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៩​។

សេចក្តីប្រកាស​ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី​ ​ក្នុង ​គោលបំណង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ សេដ្ឋកិច្ច និង​កម្មវិធី​ផ្លាស់​ប្តូរ​វិស័យ​អប់រំ នឹងត្រូវ​ចុះហត្ថលេខា​ហើយ​ក្នុង អំឡុង​ពេល​ទស្សនកិច្ច​នេះ​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី នឹង​ជួប​សម្តែង​ការគួរសម​ដោយឡែក​ពីគ្នា​ ជាមួយ​ថ្នាក់ដឹកនាំ​ហុង​គ្រី ​និង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ហុង​គ្រី ​លើ​បញ្ហា​ជាច្រើន​សំដៅ​លើកកម្ពស់ ​និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ស្រាប់ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅលើ​វេទិកា​ពហុភាគី​នានា​។

ប្រភព​ដដែល​ បានបញ្ជាក់​ទៀតថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកសារ​ពីរ​គឺ​៖ ១,កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ នឹងត្រូវ​ចុះហត្ថលេខា​។

កិច្ចប្រជុំ​កំពូល CICA លើក​ទី​៥ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ និង​មាន​ជំនួប​ទ្វេភាគី​។

ដោយឡែក​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន (Emomali Rahmon) ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​ និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​លើក​ទី​៥​ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព និង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (5th CICA Summit) ពី​ឆ្នាំ​២០១៨ ដល់​២០២០ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម 5th CICA Summit ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ សាធារណរដ្ឋ​តាជី​គី​ស្ថាន​ នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩​។

សេចក្តីប្រកាស​ព័ត៌មាន​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ដោយ​ផ្តោតលើ​បញ្ហា​គន្លឹះ​ជាច្រើន ​ដែល​ជាការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី ​និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច ​និង​នយោបាយ ​តាមរយៈ​ការពង្រឹង​ជំនឿ​ទំនុកចិត្ត និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA

ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ឯកឧត្តម អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន ប្រធានាធិបតី​តាជី​គី​ស្ថាន និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ដែល​អញ្ជើញ​មកពី​ប្រទេស​សមាជិក​ផ្សេងទៀត​។ CICA ​គឺជា​វេទិកា​ពហុភាគី​ដែល​មាន​វត្ថុបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់ខ្លួន ​ក្នុង​វិស័យ​មួយ​ចំនួន​ដូចជា សន្តិភាព ​សន្តិសុខ និង​ស្ថិរភាព​នៅ​អាស៊ី ​និង​ពិភពលោក ទាំងមូល​ហើយ​បច្ចុប្បន្ន ​សន្និសីទ​នេះ មាន​សមាជិក​អចិន្ត្រៃយ៍ ​ចំនួន ២៦ ប្រទេស ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១៕