គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ នឹង​ជំរុញ​អាទិភាព​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ ​និង​ទឹកស្អាត​ក្នុង​មូលដ្ឋាន​នៅ​តំបន់​ពាយ័ព្យ​

158

ភ្នំពេញ ៖ ​ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​បានបង្ហាញ​ពី​ជំហរ​ថា ​បន្ទាប់ពី​គណបក្ស​ខ្លួន​ទទួល​បាន​អាសនៈ​ នៃ​សមាជិក​ក្រុមប្រឹក្សា ​អាណត្តិ​ទី​៣ ​នឹង​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ទឹកស្អាត​ក្នុង​មូលដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ ​ឧ​ត្ត​រ​មានជ័យ​ និង​សៀមរាប​។

ការលើកឡើង​របស់​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ជាមួយ BTV ​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ​បានប្រកាស​លទ្ធផល​ផ្លូវការ ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​កាលពី​ថ្ងៃទី ៨​ ខែមិថុនា ហើយ​ក្នុងនោះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​ទទួលបាន​សំឡេង​សរុប ១៧៥​ និង​ទទួល​បាន​អាសនៈ​ចំនួន ៦​។

លោក ញឹក ប៊ុនឆៃ បានឱ្យដឹងថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ មាន​សេចក្តី​ពេញចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត ​ខណៈពេល​គណបក្ស​រប​ស់​ខ្លួន​មាន​គោលនយោបាយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​ជាពិសេស​គឺ​សំដៅ​ដល់​ការ​រួមគ្នា​អភិវឌ្ឍ​ប្រទេស ក៏ដូចជា​សហការ ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​កំពុង​ទាមទារ​ការ​ដោះស្រាយ​ដូចជា ផ្លូវ ថ្នល់ និង​ទឹកស្អាត​នៅ​តំបន់​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។

លោក​ បាន​បន្តថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មាន​បេក្ខភាព​ដែល​ឈ្នះ​ ហើយ​ទទួល​បាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចំនួន​៦​រូប​ និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង ​ស្រុក​ចំនួន ៣៨​រូប ​ដែល​ស្ថិតនៅ​ខេត្ត​ចំនួន​៣​។

គ​.​ជ​.​ប បានធ្វើការ​ប្រកាស​លទ្ធ​ផល​បោះឆ្នោត សរុប​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន​សំឡេង​សរុប​ចំនួន ១១.០៩៣ ​និង​ទទួល​បាន​អាសនៈ​សរុប​ចំនួន​ ៥៥០​អាសនៈ​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​ទទួល​បាន​សំឡេង​សរុប ១៧៥ និង​ទទួល​បាន​អាសនៈ​ចំនួន ៦, និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបាន​សំឡេង​សរុប​ចំនួន ២២៦ ​ទទួលបាន​អាសនៈ​ចំនួន ២៕