គ្រូ​កម្ពុជា​រក្សា​ជំហរ​ចាស់​មុន​ប៉ះ​ប៉ា​គី​ស្ថាន​យប់​នេះ​ក្នុង​ជើង​ទី​២ ​វគ្គ​ជម្រុះ World Cup 2022

1198

បាល់ទាត់៖ លោក Felix Dalmas​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ផ្ដោត​លើ​ភាព​រីកចម្រើនជាង​លទ្ធផល​ដដែល មុន​ប្រកួត​កាត់សេចក្ដី​ជើង​ទី​២ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ា​គី​ស្ថាន​នា​វេលា​ម៉ោង ១១​យប់​នេះ​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ (2022 FIFA World Cup qualification-AFC)

គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះបាន​ថ្លែង ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​ថា ក្រុម​បាន​ត្រៀមខ្លួន​រួចហើយ តែ​សំខាន់​យើង​ផ្ដោត​លើ​ការ​រីក​ចម្រើន​ជា​ក្រុម មិនមែន​ផ្ដោត​លើ​លទ្ធផល​ពេក​នោះ​ទេ ហើយ​លោក​សង្ឃឹម និង​ជឿជាក់​លើ​កូន​ក្រុម​របស់​ខ្លួន នឹង​បន្ត​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​បាន​ល្អ ដើម្បី​នាំ​ភាព​សប្បាយ​រីករាយ​ជូន​អ្នកគាំទ្រ​កម្ពុជា​ជាថ្មី។​ ដោយ​ឡែក​លោក José Antonio Nogueira​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប៉ាគី​ស្ថានបាន​អះ​អាង​ថា ក្រុម​របស់លោក​បាន​កែ​តម្រូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន បន្ទាប់ពី​ចាញ់​កម្ពុជា​ក្រៅ​ដីពិសេស​តំបន់​ប្រយុទ្ធ ដែល​ពួកគេ​ត្រូវ​បាន​ពង្រឹង​បន្ថែម ក្រោយ​មានឱកាស​ស៊ុត​កម្ពុជា​ជាច្រើនលើក តែ​ត្រូវ​បាន​សង្គ្រោះ​បាល់​យ៉ាង​ល្អ​ពី​អ្នកចាំទី​កម្ពុជា កែវ សុខ​សិលា កាលពី​ជួប​គ្នា​ជើង​ទី​១។ ប៉ា​គី​ស្ថាន​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​វាយបក​យកឈ្នះ​កម្ពុជា។

គួរ​បញ្ជាក់​ថា កាលពី ៦​ថ្ងៃមុន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ស៊ុត​បំប៉ោង​សំណាញ់​ក្រុម​ភ្ញៀវ​ប៉ា​គី​ស្ថាន ២០ លើ​ទឹកដី​ខ្លួនពី​ការ​ធ្វើ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា និង​ខ្សែប្រយុទ្ធ​ដ៏​ចាស់​វស្សា គួច សុ​កុម្ភៈ។ ប៉ុន្តែ​ជ័យជម្នះ​នេះ​មិនទាន់​ត្រូវ​បាន​ពេញចិត្ត​ពី​គ្រូ​បង្វឹក​លោក Felix នោះ​ទេ ដោយសារ​លោក​ចង់​ឃើញ​កូន​ក្រុម​បន្ដ​ធ្វើ​បាន​ល្អ និង​ដណ្ដើម​បាន​ជ័យជម្នះ​ជាថ្មី​ក្នុង​ជំនួប​ជើង​ទី​២ ជាមួយ​ប៉ា​គី​ស្ថាន​យប់​នេះ​បន្ដ​ទៀត៕

អត្ថបទ៖ លី ឈុន​ឡា