សម្ដេចតេជោ ៖ ការបោះឆ្នោត ប៉ុន្មានអាណត្តិចុងក្រោយនេះ ពុំមានមនុស្សស្លាប់ និងរបួសនោះទេ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបោះឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាពុំមានមនុស្សស្លាប់ និងរងរបួសនោះទេ។ ការអះអាងខាងលើនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើ​ស​តាំងតំណាងរាស្រ្ដអាណត្តិ ទី៧ ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដ​ល់​​អាជ្ញាធរមានសមត្ថកិច្ច ត្រូវការពារសុវត្ថិភាព គ្រប់បណ្ដាគណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ដែលធ្វើសកម្មភាពនយោបាយ នៅតាមមូលដ្ឋាននានា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ក្នុងរយៈពេលប៉ុន្មានអាណត្តិចុងក្រោយនេះ ពុំមានអ្នកស្លាប់ និងរងរបួស ដោយសារតែការបោះឆ្នោតនោះទេ។ សម្ដេចតេជោ បានថ្លែងថា «ហើយត្រូវជួ​យ​ខិតខំការពារសុវត្ថិភាព នៃបណ្ដាបក្សនយោបាយនេះឲ្យបាន កុំឲ្យមានការបោះឆ្នោតមួយ​ញាំញី​ ដោយអំពើហិង្សា ជម្លោះ រហូតទៅដល់មានមនុស្សគ្រោះថ្នាក់ ការបោះឆ្នោតចុងក្រោយនេះ យើងគ្មានមនុស្សស្លាប់ ដោយសារការបោះឆ្នោតទេ ស្លាប់ ឬរបួស ដោយសារការបោះឆ្នោតទេ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា​ ចាប់តាំងពីឆ្នាំ ២០០៣មក ពុំមានមនុស្សស្លាប់ ឬរងរបួស ដោយសារតែការបោះឆ្នោត នោះទេ។ ដូច្នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួល និងសេរីភាពដល់បណ្ដាបក្សនយោបាយ អាចមានឱកាសជួបជុំ និងអាចលើកឡើងស្លាកគណបក្ស នៅទីតាំងដែលអាជ្ញាធរបានកំណត់ជូន។

ចំណែកឯបណ្ដាគណបក្សនយោបាយ ក៏ត្រូវតែគោរពនូវបែបបទ ដែលមានចែងក្នុងច្បាប់ជាធរមាន និងបទបញ្ជា ដែលចេញដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ផងដែរ៕
អត្ថបទពី៖ KPT