សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំដែង​ការគួរសម ឯកឧត្តម ប្រធានាធិបតី​តាជី​គី​ស្ថាន​

117

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ​មិថុនា ​នេះ​នៅ​វិមាន​ប្រធានាធិបតី​តាជី​គី​ស្ថាន​ ក្នុង​ទីក្រុង​ឌូ​សាន់​បេ ​មុន​កិច្ចប្រជុំ​កំពូល​លើក​ទី​៥​ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​ និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី ក្រោម​ប្រធានបទ​ ចក្ខុវិស័យ​រួម​ ដើម្បី​សន្តិសុខ ​និង​វិបុលភាព​នៃ​តំបន់ CICA ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​ឯកឧត្តម ​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន ​គឺ​ឯកឧត្ដម អ៊ី​ម៉ូ​ម៉ាលី រ៉ា​ហ​ម៉ុ​ន (EMomali Rahmon)

ឯកឧត្តម​ប្រធានាធិបតី​បាន​សំដែង​នូវ​ការ​ស្វាគមន៍ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ដែល​បាន​ដឹកនាំ​ គណៈប្រតិភូ​ជាន់ខ្ពស់​មក​ចូលរួម​កិច្ចប្រជុំ ​កំពូល​CICA នៅ​តាជី​គី​ស្ថាន ហើយ​ឯកឧត្តម ​បានបង្ហាញ​នូវ​បំណង​ប្រាថ្នា​ នៃ​ការពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ នឹង​ប្រទេស​កម្ពុជា​។​សម្តេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ ចំពោះ​ឯកឧត្តម ​ប្រធានាធិបតី​តាជី​គី​ស្ថាន ដែល​ បាន​អញ្ជើញ​សម្ដេច​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ​CICA ​និង​បាន​អរគុណ​ចំពោះ​ការ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ ​សម្ដេច​ក៏ដូចជា​គណៈប្រតិភូ​កម្ពុជា​ទាំងមូល​ ហើយ​សម្ដេច​នាយក​ រដ្ឋមន្ត្រី​ បាន​អបអរសាទរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ ប្រធានាធិបតី​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ស៊ីការ​នៅ​ ទីក្រុង​នៃ​ប្រទេស​តាជី​គី​ស្ថាន​នេះ​។

ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា ​និង​តាជី​គី​ស្ថាន​បាន​ចុះហត្ថលេខា​ក្នុង​ការ​កសាង​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ 1995 ​មក ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ យើង​ពុំមាន​កិច្ចសហប្រតិបត្តិការ​អ្វី​ជា​ដុំកំភួន​នៅឡើយ​ទេ​ដោយ​ពេលនេះ​សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​ការ​ផ្ដួចផ្ដើម​ មួយចំនួន ទីមួយ​គឺ​ស្នើសុំ​តែងតាំង​ឯកអគ្គរដ្ឋទូត​ពី​បណ្ដា​ប្រទេស​រាង​រៀងខ្លួន​ផ្សេងៗ​ ដែល​នៅក្បែរ​នេះ​ មកកាន់​ទីក្រុង​ នៃ​ប្រទេស​ទាំងពីរ ហើយ​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បានបញ្ជាក់​ថា ​នឹង​តែងតាំង​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​មូ​ស្គូ ​មកកាន់​តាជី​គី​ស្ថាន​។​ទី២ គឺ​ដោយ​សភាពការណ៍​អន្តរជាតិ​បច្ចុប្បន្ន​ត្រូវការ​ឲ្យ​មាន​ពិគ្រោះ​យោបល់​ពិភាក្សាគ្នា​កម្រិត​នយោបាយ​ និង​ដើម្បី​សម្របសម្រួល​គោលជំហរ​ក៏ដូចជា​ការពារ​ផលប្រយោជន៍​គ្នា​ ទៅវិញទៅមក​ រួមទាំង​ពិនិត្យ​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​នោះ​ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បានស្នើ​ឲ្យ​ក្រសួងការបរទេស​ទាំង​ពីរ​ពិនិត្យ​លទ្ធភាព​រៀបចំ​ឲ្យ​មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ដើម្បី​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក្រសួងការបរទេស​ទាំង​ពីរ​ជាពិសេស​ពិនិត្យមើល​លទ្ធភាព ​នៃ​ការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌​ និង​ទេសចរណ៍​ជាដើម ។​ទី​៣ ​​សុំ​ឲ្យ ​មានការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច កម្រិត ​ខ្ពស់​ពីគ្នា​ទៅវិញទៅមក ​ដើម្បី​បាន​ពិគ្រោះ​យោបល់​កាន់តែច្រើន​ថែមទៀត​។​ជាមួយគ្នានេះដែ​រ សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ តាងនាម​ព្រះករុណា​ព្រះមហាក្សត្រ​បានស្នើ​សុំ​គោរព​អញ្ជើញ​ ឯកឧត្តម​ ប្រធានាធិបតី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​តាម​ពេលវេលា​ដ៏​សមស្រប​។

ឯកឧត្តម ប្រធានាធិបតី​បាន​សំដែង បំណង​ប្រាថ្នា​ចង់​សហប្រតិបត្តិការ​ជាមួយ​ នឹង​កម្ពុជា​លើ​គ្រប់​វិស័យ​ និង​បាន​ឯកភាព​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ក្នុង​ការ​តែងតាំង​ឯកអគ្គរដ្ឋទូត ពី​ប្រទេស​រៀងៗ​ខ្លួន​ ហើយ ក៏បាន​ឯកភាព​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​និង​ បាន​អះអាងថា​ នឹង​ណែនាំ​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន​ឲ្យ​បង្កើត​ក្រុម ​ពិគ្រោះ​យោបល់​ជាមួយ​ នឹង​សម​ភាគី​កម្ពុជា​។

ទាក់ទង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម ក៏ដូចជា​វិនិយោគ​រួមគ្នា ជាពិសេស​ក្នុង​វិស័យ ឧស្សាហកម្ម តាជី​គី​ ស្ថាន​មានបំណង​នាំចូល​ពី​កម្ពុជា​នូវ​ក្រណាត់​និង​ផលិតផល​សំលៀកបំពាក់​ ដែល​កម្ពុជា​ផលិត​បាន​ដើម្បី​ជំរុញ​ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ និង​សុំអោយ​បង្កើត​វេទិកា​ ​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

ក្រៅពីនោះ​ សុំ​ឲ្យ​មានការ​ជំរុញ​ឲ្យ​មានការ​រីកចម្រើន​ខាង​វិស័យ​ទេសចរណ៍ ​និង​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ ​ជាមួយ​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ នានា​។

ឯកឧត្តម​ប្រធានាធិបតី ​ក៏បាន​អញ្ជើញ​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​តាជី​គី​ស្ថាន​ជាថ្មី ​តាម​ពេលវេលា​សមស្រប​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។​ជា​ចុង​បញ្ចប់ ​ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​ស្នើសុំ​សម្ដេច​តេ​ជោ​ពាំនាំ​នូវ​ការ​អរគុណ​ចំពោះ​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​ដែល​ បាន​អញ្ជើញ​ឯកឧត្តម​ប្រធានាធិបតី​ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ​ហើយ​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ឆ្លើយតប​ជា​វិជ្ជមាន​គាំទ្រ​ នូវ​គំនិត​ផ្ដួចផ្ដើម​នានា​ ជាពិសេស​ការ​បង្កើត​គ​ណៈ​កម្ម​ការ​ចម្រុះ​ ដើម្បី​គាំពារ​វិនិយោគ​ ហើយ​សម្តេច​ក៏​អរគុណ​ឯកឧត្តម ​ដែល​បានបង្ហាញ​ពី​បំណង​ចង់​ទិញ ​នាំចូល​នូវ​សំលៀកបំពាក់​ និង​សាច់​ក្រណាត់ ​ផលិតផល​របស់​កម្ពុ​ជា​។​សម្តេច​បញ្ជាក់ថា​ សម្តេច ​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តាជី​គី​ស្ថាន​នេះ​ សារជាថ្មី​ម្ដងទៀត​ហើយ​នឹង​ចុះហត្ថលេខា​លើ​អ្វី​ដែល​យើង​បាន​ព្រមព្រៀងគ្នា​៕