សម្ដេច​ក្រឡាហោម​ ជំរុញ​ឲ្យ​អភិបាលខេត្ត​បាត់ដំបង​ ដោះស្រាយ​ទំនាស់​ដីធ្លី​នៅសល់​ដោយ​តម្លាភាព

121

បាត់ដំបង​ ៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​ជំរុញ​ឱ្យ​អភិបាលខេត្ត ​បាត់ដំបង និង​អាជ្ញាធរ​ពាក់ព័ន្ធ ​បន្ត​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ដែល​កំពុង​មាន​សេសសល់​ក្នុង​ខេត្ត ​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​ជូន​គ្រប់​ភាគី​ទាំងអស់​។

ក្នុងឱកាស​អញ្ជើញ​ប្រកាស​សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​១៧ ខែមិថុនា នេះ សម្ដេច ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ​បាត់ដំបង គឺជា​ខេត្ត​ដ៏​ធំ​មួយ មាន​បញ្ហា​ប្រឈម​ច្រើន ​ពិសេស បញ្ហា​ទំនាស់​ដីធ្លី តែ​អាជ្ញាធរ ​ក៏បាន​ខិតខំ​ដោះស្រាយ​ច្រើន​មក​ហើយ​ដែរ ក្នុងនោះ​ មានទំនាស់​ដ៏​ធំ​ចំនួន​ពីរ ​ក្នុងស្រុក​ប​វេ​ល​។ ​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​នៅ​សេសសល់ អាជ្ញាធរខេត្ត ​ត្រូវ​សហការគ្នា​ខិតខំ​ព្យាយាម​អត់ធ្មត់ ដើម្បី​សម្របសម្រួល​ដោះស្រាយ​ជូន​គ្រប់​ភាគី​ទាំងអស់ ប្រកបដោយ​តម្លាភាព ​យុត្តិធម៌ និង​ត្រូវ​បញ្ចៀស​ឲ្យ​បាន​ដាច់ខាត​នូវ​អំពើ​ហិង្សា​គ្រប់​រូបភាព​។

សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ក្រុមប្រឹក្សា​ខេត្ត​ទើបនឹង​ទទួល​តំណែង​ ក្នុង​អាណត្តិ ទី​៣​នេះ គ្រប់​ភាគី​នយោបាយ​ទាំងអស់ ឱ្យមាន​មតិរួម​គ្នា ក្នុង​ការ​ដាក់​ផែនការ​ច្បាស់លាស់ ​សម្រាប់​រយៈ ពេល​៥​ឆ្នាំនេះ ​ចូលរួម​សហការ​ជាមួយ​គ្រប់​គណៈ​អភិបាល​ ដើម្បី​អភិវឌ្ឍ​ខេត្ត​ឲ្យ​មានការ​រីកចម្រើន ស្រប តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​ដាក់​ចេញ​ ក្នុងការ​បម្រើ​ឲ្យ​ផលប្រយោជន៍​ពលរដ្ឋ ឲ្យ ​កាន់តែ​ល្អប្រសើរ​។

ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង ​និង​ជា​តំណាង​សមាជិក​ក្រុមប្រឹក្សា​ទាំងមូល បាន​ថ្លែង​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ខ្សែ​គណនេយ្យភាព​ ចំពោះមុខ​ប្រជាពលរដ្ឋ ​ក្នុង​ដែន សមត្ថកិច្ច​របស់ខ្លួន ​និង​រាជរដ្ឋាភិបាល​។ ​បន្ត​រក្សា​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ក្រុមប្រឹក្សា​ខេត្ត ជាមួយ​គណៈ​អភិ បាល​ខេត្ត ​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង ​ស្រុក ឃុំ សង្កាត់ ដៃគូ​អភិវឌ្ឍន៍ អង្គការ សមាគម ឲ្យ​កាន់​តែ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ ​និង​ភាពរឹងមាំ​ឡើង​។​

ឯកឧត្តម ​បាន​បញ្ជាក់ថា នឹង​បន្ត​ជំរុញ​ការតាមដាន​ត្រួតពិនិត្យ​លើ​ការងារ​ផ្ដល់​សេវាសាធារណៈ និង​សេវា​រដ្ឋបាល ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ មាន​តម្លាភាព ​គណនេយ្យភាព ​ការទទួលខុសត្រូវ បង្ក​ភាព​ងាយ ស្រួល ​កាត់បន្ថយ​ពេលវេលា និង​ភាព​យឺតយ៉ាវ​ផ្សេងៗ ក្នុង​ការ​ផ្ដល់សេវា​ជូន​ពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ ឡើង​។

ក្នុង​អាណត្តិ​ទី​៣ ក្រុមប្រឹក្សា​ខេត្តបាត់ដំបង មាន​ចំនួន​២៧​អាសនៈ​ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ចំនួន​២៦​អាសនៈ​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ មួយ​អាសនៈ ​ដែល​សម្រាប់​អាណត្តិ​ថ្មី​នេះ ឯកឧត្តម អ៊ុយ រី ​បន្ត​ធ្វើជា​ប្រធាន​ប្រឹក្សា​ខេត្ត​ដដែល​៕