មន្ត្រី​ក្រសួងកសិកម្ម​ថា កម្ពុជា​ជាទី​បណ្ដុំ​ឱកាស​វិនិយោគ​ខ្លាំង​នៃ​វិស័យ​កសិកម្ម​

97

ភ្នំពេញ៖ ឯកឧត្ដម ចាន់ ចេស្តា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​ថា កម្ពុជា​ជាទី​បណ្តុំ​ឱកាស​វិនិយោគ​ខ្លាំង​នៃ​វិស័យ​កសិកម្ម​។​

ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ចាន់ ចេស្តា ធ្វើឡើង​ក្នុងឱកាស​ពិព័រណ៍​និង​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​កសិកម្ម បសុសត្វ និង ជលផល លើក​ទី ៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៧ ដល់​ថ្ងៃទី ១៨​ខែមិថុនា​ឆ្នាំ ២០១៩​នេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ដោយបាន​រៀបចំឡើង​តាមរយៈ​សន្និបាត​និង​សន្និសីទ​អន្តរជាតិ​លើក​ទី ៤ ស្តីពី​កសិកម្ម បសុសត្វ និង ជលផល​នៅ​កម្ពុជា​។​

ឯកឧត្ដម​មានប្រសាសន៍​ថា ក្នុងនាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ីអាគ្នេយ៍ ដែលមាន​អត្រា​កំណើន GDP ប្រចាំឆ្នាំ​ជាង ៧​ភាគរយ ឧស្សាហកម្ម​កសិកម្ម​ក​ម្ពុ​ជា បានបង្ហាញ​ថា​មាន​សក្តានុពល​យ៉ាងខ្លាំង ក្នុងនោះ​ផលិតកម្ម​ដំណាំ​រួមចំណែក​ប្រហែល ៥៤​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ដោយមាន​សត្វ​ចិញ្ចឹម​ចំនួន ១៥​ភាគរយ​។

ជាមួយគ្នានេះ​ឯកឧត្តម​បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ តម្រូវការ​សាច់ និង ជលផល នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែល​បាន​ជំរុញ​ឱ្យមាន​ការកើនឡើង ក្នុងការ​កែច្នៃ និង ផលិត​ចំណី​សត្វ​លើគោគ និង ចំណី​សត្វ​ក្នុង​ទឹក​។ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏បាន​ប៉ាន់ប្រមាណ​ថា តម្រូវការ​សាច់សត្វ​ប្រហែល​ជាង ៣០​ម៉ឺន​តោន និង​កើនឡើង​នៅ​ឆ្នាំ ២០២០ នៅពេលដែល​ចំនួន​ប្រជាជន​កម្ពុជា​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​និង​កើនឡើង ប្រហែល ១,៥​ភាគរយ ជា​រៀងរាល់ឆ្នាំ​។​

ឯកឧត្តម​បន្ថែមថា ដោយ​ការមើលឃើញ នៃ​ការអភិវឌ្ឍន៍​ទីផ្សារ​ក​ម្ពុ​ជា ក្រុមហ៊ុន​ពិ​ពរ​ណ៌​និង​ផ្សាយពាណិជ្ជកម្ម​របស់ មីង​វី បានរៀបចំ ពិព័រណ៍​និង​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​វិស័យ​កសិកម្ម សត្វ​ចិញ្ចឹម និង ជលផល នៅ​កម្ពុជា ក្រោម​ការគាំទ្រ​ពេញទំហឹង​ពី ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៃ​កម្ពុជា​។​

សម្រាប់​លើក​ទី ៤​នៅ​ឆ្នាំនេះ ក្រុមហ៊ុន​ជាង ៣០០ ក្រុមហ៊ុន​មកពី​ប្រទេស​ផ្សេងៗ​គ្នា រំពឹងទុក​ថា ដើម្បី​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ដល់​អ្នកចូលរួម ពិព័រណ៍​និង​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​កសិកម្ម បសុសត្វ និង ជលផល​កម្ពុជា​២០១៩ នឹងមាន​ការបង្ហាញ​សកម្មភាព​គួរឱ្យ​ចាប់​អារ​ម្ម​ណ៍​ជាច្រើន​ក្នុងអំឡុងពេល​ពីរ​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ និង​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន និង ការពិភាក្សា​ក្នុងចំណោម​អ្នកដឹកនាំ​អ្នកជំនាញ​និង​អ្នកចូលរួម​៕