ជន​អន្តោប្រវេសន៍ ៨នាក់​ស្លាប់​ក្នុង​ហេតុការណ៍​លិច​ទូក​​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ទួរគី​

88

ទួរគី៖ ទូក​មួយ​គ្រឿង​​ដែល​ដឹក​ជញ្ជូន​ជន​អន្តោប្រវេសន៍​ទៅ​កាន់​ប្រទេស​ក្រិក ​​បាន​លិច​នៅ​ឆ្នេរ​​សមុទ្រ​ប្រទេស​ទួរគី​កាល​ពី​ថ្ងៃ​ចន្ទ​​ បណ្ដាល​ឲ្យ​​មនុស្ស​យ៉ាង​ហោច​ណាស់​ ៨នាក់​បាន​បាត់​បង់​ជីវិត​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ឆ្មាំ​ល្បាត​​ឆ្នេរ​របស់​ប្រទេស​ទួរគី។

ឆ្មាំ​ល្បាត​ឆ្នេរ​​បាន​និយាយ​ថា ជន​អន្តោប្រវេសន៍​​ ៣១នាក់​​ផ្សេង​ទៀត​​ត្រូវ​បាន​​សង្គ្រោះ បន្ទាប់​ពី​ទូក​នេះ​បាន​លិច​នៅ​ក្នុង​សមុទ្រ​អាហ្សេអង់​នៅ​​ក្បែរ​ឆ្នេរ​​​បូដ្រូម។ ​សាក​សព​​មនុស្ស ៨នាក់​​ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​ក្នុង​ទូក​បាក់​បែក​​ ស្ថិត​ក្នុង​​​ជម្រៅ​ ៣២ម៉ែត្រ​​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ ក្នុង​សេចក្ដីថ្លែងការណ៍​​របស់​ឆ្មាំ​​សមុទ្រ​។ ​សេចក្ដីថ្លែងការណ៍​​បាន​បន្ត​ថា ប្រតិបត្តិការ​​សង្គ្រោះ និង​ស្វែង​រក​​ចូល​រួម​ដោយ​ទូក​ឆ្មាំ​​ល្បាត​ឆ្នេរ​ ២គ្រឿង និង​ឧទ្ធម្ភាគចក្រ​ ១គ្រឿង និង​ក្រុម​អ្នក​មុជ​ទឹក​​មួយ​ក្រុម​កំពុង​បន្ត​ធ្វើ​ការងារ​នេះ​។ ទីភ្នាក់ងារ​ព័ត៌មាន​ឯកជន​ DHA បាន​​លើក​ឡើង​ថា ក្រុម​សង្គ្រោះ​នៅ​តែ​កំពុង​បន្ត​រុក​រក​​​ជន​អន្តោប្រវេសន៍​​ម្នាក់​ទៀត​ ដែល​នៅ​បាត់​ខ្លួន​នៅ​ឡើយ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​​ភ្លាម​ៗ​​នៅ​ឡើយ​ទេ​ ថា​តើ​ហេតុ​អ្វី​បាន​ជា​ទូក​មួយ​គ្រឿង​នេះ​លិច។

ទោះ​បី​ជា​ចំនួន​មនុស្ស​ដែល​ធ្វើ​ដំណើរ​​ទៅ​កាន់​កោះ​នានា ​របស់​ប្រទេស​ក្រិក​​ចេញ​មក​ពី​​ឆ្នេរ​សមុទ្រ​​របស់​ប្រទេស​ទួរគី​ បាន​ថយ​ចុះ​​ចាប់​តាំង​ពី​វិបត្តិ​ជន​ភៀស​ខ្លួន ​មាន​កម្រិត​ខ្ពស់​​ក្នុង​ឆ្នាំ​២០១៥ នោះ​ក៏​ដោយ​ក៏​នៅ​តែ​មាន​​មនុស្ស​​រាប់​រយ​នាក់ ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្នុង​សប្ដាហ៍​នីមួយៗ​ដែរ៕

អត្ថបទ៖ រិទ្ធី