សហព័ន្ធ​ខ្មែរ​ទោចក្រយាន​ត្រៀម​កីឡាករ​កង់​ភ្នំ ២​រូប​ចូលរួម​ស៊ី​ហ្គេម​ឆ្នាំនេះ​

98

ប្រណាំង​កង់៖ លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយានបាន​ឲ្យ​ដឹង​ថា ឆ្នាំនេះ​សហព័ន្ធ​ខ្លួន​បាន​ត្រៀម​កីឡាករ​កង់​ភ្នំ​ត្រឹម ២​នាក់​ប៉ុណ្ណោះ សម្រាប់​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីននា​ចុង​ឆ្នាំនេះ។​

អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដ​ថា កីឡាករ​កង់​ភ្នំ​ទាំង ២​រូប​នោះ ពេលនេះ​មិនទាន់​កំណត់​ឈ្មោះ​នោះ​ទេ ដោយ​សហព័ន្ធ​កំពុង​ធ្វើ​ការ​សម្រាំង តាមរយៈ​ការ​បំប៉ន​ការ​ហ្វឹក​ហាត់​ដល់​ពួកគេ។ ហើយ​មុន​ឈាន​ដល់​ស៊ី​ហ្គេម សហព័ន្ធ​អាច​នឹង​បញ្ជូន​ពួកគេ ទៅ​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​ថៃ ម៉ាឡេស៊ី ក៏ដូចជា​ហ្វីលីពីនដើម្បី​វាស់​ស្ទង់​សមត្ថភាព​ផង​ដែរ។​ ជាមួយ​ការ​ត្រៀម​តែ​កីឡាករ​កង់​ភ្នំ​ទៅ​ចូលរួម​ស៊ី​ហ្គេម​លើក​នេះ​ដែរ លោក​ឧកញ៉ា វង្ស ខាន់​ពៅ បាន​អះ​អាង​ថា សហព័ន្ធ​មិន​រំពឹង​ឈ្នះ​មេដាយ​មាស ឬ​ប្រាក់​នោះ​ទេ តែ​លោក​សង្ឃឹម​កីឡាករ​កម្ពុជា អាច​ឈ្នះ​មេដាយ​សំរឹទ្ធ​ជូន​ជាតិ ដ្បិត​កីឡា​កង់​ភ្នំគឺ​មាន​អំណោយផល​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​មានការ​ប្រកួត​ជាប្រចាំ ជាក់ស្ដែង​ដូចជា​ការរៀបចំ​ព្រឹត្តិការណ៍ Cambodia MTB Series ជាដើម៕

អត្ថបទ៖ លី ឈុន​ឡា