ក្រសួង​អប់រំ​នឹង​ចាត់វិធានការ​ចំពោះ​សាលា​ណា​ដែល​នៅតែ​អនុញ្ញាត​ឱ្យ​លក់​អាហារ​ចំណី​ហាមឃាត់​ក្នុង​សាលា

21501

ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រកាសថា ​នៅ​ថ្ងៃ​ខាងមុខ ​នឹងមាន​ថ្នាក់ដឹកនាំ​សាលា​រៀន​មួយ នឹង​រង​ការ​ដាក់ពិន័យ​ជា​រដ្ឋបាល​ ក្នុង​ករណី​ថ្នាក់ដឹកនាំ​សាលារៀន ​អនុញ្ញាត​អោយ​អ្នក​លក់ដូរ​ដាក់​លក់​ចំណីអាហារ ​និង​ភេសជ្ជៈ ​ដែល​ក្រសួង​ប្រកាស​ហាមឃាត់​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំ​បូ​លី បាន​ថ្លែងប្រាប់ BTV​ តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃទី​១៩ ខែមិថុនា ​ថា អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ ដែល​ក្រសួង​អប់រំ​បាន​ប្រកាស​ហាមឃាត់​ការ​លក់​ចំណីអាហារ ​និង​ភេសជ្ជៈ​ជាច្រើន​មុខ​នៅ​ក្នុង​សាលារៀន ​ហើយ​ការប្រកាស​នោះ​ គឺមាន​គោលដៅ​សំខាន់​មិន​ចង់​អោយ​សិស្សានុសិស្ស ​និង​កុមារ​តូចៗ​ញ៉ាំ​ទៅ​ងាយ​រង​ការ​ប៉ះពាល់​ដល់​សុខភាព​ និង​ការសិក្សា​។

លោក​ បន្តថា ទន្ទឹម​នឹង​ការដា​ក់​បំរាម​នេះ ​ក្រសួង​អប់រំ​ក៏បាន​ស្នើ​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិសេស​រដ្ឋបាល​សាលាស្រុក ខណ្ឌ​ទាំងអស់​សូម​ចូលរួម​តាមដាន​ចុះ​ត្រួតពិនិត្យ​អោយ​បាន​ជាប់​ជាប្រចាំ ​ខណៈ​អ្នក​លក់ដូរ​មួយចំនួន​នៅតែ​រឹងរូស លក់​ចំណីអាហារ​ហាមឃាត់​ទាំង​នៅក្នុង​សាលា នឹង​នៅក្រៅ​របង​សាលា​។

លោក ឌី ខាំ​បូ​លី បញ្ជាក់ថា ​ជារួម​គ្រប់​ចំណីអាហារ និង​ភេសជ្ជៈ​ដែល​គ្មាន​គុណភាព ​គ្មាន​អនាម័យ លក់​អោយ​សិស្សានុសិស្ស​ ពិសេស​លក់​អោយ​កុមារ​តូច​ពិសារ​ គឺ​វា​រង​ការ​ប៉ះពាល​ច្រើន ​ហើយ​ការ​ប៉ះ ពាល​ក្រៅពី​ខាតបង់​ថវិកា​អាណាព្យាបាល​សិស្ស ​គឺ​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​សិស្ស និង​ប៉ះពាល់​ការសិក្សា​រៀន​សូត្រ​របស់​សិស្ស​ថែមទៀត​។

ថ្មីៗ​កន្លងមកនេះ​ ក្រសួង​អប់រំ​បាន​ផ្សព្វផ្សាយ​ឡើងវិញ​ពី​សេចក្តីណែនាំ​ស្តីពី​ចំណីអាហារ​និង​ភេសជ្ជៈ ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​លក់​ក្នុង​គ្រឹះស្ថាន​អប់រំ ខណៈ​មាន​សាលារៀន​មួយ​ចំនួន​នៅតែ​អនុញ្ញាត​អោយ​អាជីវករ​បន្ត​លក់​ចំណីអាហារ​ហាមឃាត់​ទាំង​នៅ​ក្នុង​សាលា​និង​នៅ​ជិត​សាលា​។ ​ចំណីអាហារ​និង​ភេសជ្ជៈ​ទាំងនោះ រួមមាន ​ចំណីអាហារ​ដែល​ហួស​កាលកំណត់​, ​ចំណីអាហារ​ដែល​គ្មាន​ប្រភព​ច្បាស់ ​លាស់​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​, ភេសជ្ជៈ​ផ្អែម​, ​កាហ្វេ​, ការ៉េម​, ទឹក​ស៊ីរ៉ូប៍​, ស្ករ​សូកូឡា​, ស្ករ​គ្រាប់​, ស្ករ​កៅស៊ូ​, ចាហួយ​, នំ​ដូ​ណាត់​, នំ​ផ្អែម រួមទាំង​គ្រឿង​ស្រវឹង ​និង​ថ្នាំជក់​ផងដែរ​៕