ក្រុមហ៊ុន​អន្តរជាតិ​សន្យា​នាំ​យក​បច្ចេកវិទ្យា​ទំនើប​ដើម្បី​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​ស្រូវ​អង្ករ​របស់​កម្ពុជា​

126

ភ្នំពេញ៖ តំណាង​ក្រុមហ៊ុន​លំដាប់​ពិភពលោក Buhler ដែល​មាន​ការិយាល័យ​ក​ណ្តា​ល​នៅក្នុង​ទីក្រុង​ហ្សូ​រិច នៃ​ប្រទេស​ស្វី​ស គ្រោង​វិនិយោគ​សាងសង់​ឡស​ម្ងួ​ត (​សៃ​ឡូ​) ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា និង​ធ្វើ​ពិពធិកម្មការ​នាំចេញ​ផលិតផល​សម្រេច ទៅកាន់​ទីផ្សារ​សាកល​។​

​​ជំនួប​ការងារ រវាង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០១៩​កន្លងទៅ លោក David Wang ប្រធាន​ក្រុមហ៊ុន Buhler Group Asia ធ្វើការ​ថ្លែងអំណរគុណ​រដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ និង​បាន​ជម្រាបជូន​អំពី​សាវតា និង​ផលិតផល​សំខាន់ៗ​របស់​ក្រុមហ៊ុន មានដូចជា អាហារ​កែច្នៃ​ពី​គ្រាប់ធញ្ញជាតិ​, ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្ភារៈ​បច្ចេកវិទ្យា​។

លោក​ បាន​បន្តថា បេសកកម្ម​របស់​ក្រុមហ៊ុន ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ ដើម្បី​កែច្នៃ​ផលិតផល​, បង្កើត​ភាពជា​ដៃគូ​ជាមួយ​អ្នកប្រើប្រាស់​, និង​ពង្រឹង​និរន្តរភាព​ផលិតកម្ម ហើយ​នៅ​កម្ពុជា លោក​គ្រោង​នឹង​វិនិយោគ​សាងសង់​ឡស​ម្ងួ​ត​ទំនើប​ចំនួន ១០​ទីតាំង នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១០ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវ​ប្រមាណ ១​លាន​តោន និង​អា​ចស​ម្ងួ​ត​ស្រូវ​១៣​ពាន់​តោន ក្នុង​មួយថ្ងៃ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណីអាហារ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សាទរ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ខាងលើ ដែលមាន​សង្គតិ​ភាពជា​មួយ​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​។ ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​ជំនឿ​ថា នៅពេល​គម្រោង​នេះ​ត្រូវបាន​បញ្ចប់ មិន​ត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ទប់ស្កាត់​ការហូរ​ចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។ លើសពីនេះ ឡស​ម្ងួ​ត​ទាំងអស់ ក៏​នឹង​ផ្តល់​គុណប្រយោជន៍​ធំធេង​ដល់​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម​ជាតិ ដែល​នឹង​រួមចំណែក​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​៕​