កម្ពុជា​នឹង​ជំរុញ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ដើរ​ឱ្យទាន់​សមាហរណកម្ម ទៅក្នុង​តំបន់ និង​ពិភពលោក​

143

ភ្នំពេញ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​ទ្រព្យសកម្ម​ដ៏​សំខាន់ និង​ចាំបាច់​មិនអាច ខ្វះ​បាន ដើម្បី​ឲ្យ​កម្ពុជា ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ ដើរ​ឱ្យទាន់​សមាហរណកម្ម ទៅក្នុង​តំបន់ និង​ពិភពលោក​។​

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានលើកឡើង ក្នុង​ពិធី​បើក​វគ្គ​សុ​ក្រិត​ការ ជំនា​ន់ទី​១៣ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ថា ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកដឹកនាំ ប្រកបដោយ​គុណ​វ​ឌ្ឍិ មន្ត្រី​បុគ្គលិក​ទាំងអស់​ត្រូវ​បន្ត​ស្វែងយល់ និង​តាម​ឱ្យទាន់​សភាពការណ៍ ត្រូវការ​អភិវឌ្ឍ​ជំនាញ ការរៀនសូត្រ​ពីបទ​ពិសោធន៍​ល្អៗ និង​ត្រូវ​រៀបចំ ឥរិយាបថ​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​ការដឹកនាំ​ល្អ​បាន​បង្ហាញ​តាមរយៈ​លក្ខណៈសម្បត្តិ​៣​យ៉ាង​គឺ សុចរិត​ភាព សមត្ថភាព និង​ការចេះ​យល់ចិត្ត ។​

​​​ឯកឧត្តម បន្តថា ទាក់ទិន​នឹង​ការពង្រីក​សមត្ថភាព​នេះ ធនាគារជាតិ​នៃ​កម្ពុជា ចាត់ទុក​ការអភិវឌ្ឍន៍​ធនធានមនុស្ស គឺជា​ទ្រព្យសកម្ម​ដ៏​សំខាន់ និង​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន និង​អនាគត ព្រោះ​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី បុគ្គលិក តាមរយៈ​ការបណ្តុះបណ្តាល​នៅក្នុង និង​ក្រៅប្រទេស ស្ថិតក្នុង​ស្ថានភាព​ដែល​យើង​នៅមាន​តម្រូវការ​ធនធានមនុស្ស បន្ថែមទៀត ដើម្បី​តាម​ឱ្យទាន់​សមាហរណកម្មរ​បស់​កម្ពុជា​ទៅក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

​​​ពាក់ព័ន្ធ​បញ្ហា​នេះ ឯកឧត្តម ជា ចាន់តូ ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​បន្ត​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត តាមរយៈ​ស្វ័យ​សិក្សា​ស្រាវជ្រាវ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​រៀមច្បង​នៅ​កន្លែងធ្វើការ និង​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ ត្រូវ​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា និង​ភាសាបរទេស​សម្រាប់​ជីវិត​ការងារ ក្នុង​បរិការណ៍​សកល ភាវូបនីយកម្ម ត្រូវ​ចេះ​ប្រើប្រាស់​និង​សំយោគ​ចំណេះដឹង​ដែលមាន ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការងារ​ប្រចាំថ្ងៃ និង​ត្រូវមាន គុណធម៌ និង​វប្បធម៌ ជួយ​គ្នា​ទៅវិញទៅមក ការចែករំលែក​ចំណេះដឹង និង​ព័ត៌មាន និង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ដើម្បី ធានា​គុណភាព ប្រសិទ្ធភាព និង​និរន្តរភាព​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ៕​