ព្រះសីហនុ ៖ នៅថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍ វិទ្យុបាយ័ន និង ឯកឧត្តម ឌី វិជ្ជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្ដាយជាទីបំផុត ចំពោះការបាត់បង់អាយុជីវិតកម្មករ ក្នុងឧបទ្ទវហេតុ បាក់រលំអគារសង្កត់លើ នៅក្នុងខេត្តព្រះសីហនុ ។
លោកជំទាវ ហ៊ុន ម៉ាណា សូមបួងសួងឱ្យវិញ្ញាណក្ខន្ធ នៃសពទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអគារ៧ជាន់នៅខេត្តព្រះសីហនុទាំងយប់ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ប្រទេស ថៃ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា។
ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។
ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ៕