ព្រឹទ្ធសភា​ ប្រជុំ​អង្គ​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត ​និង​របៀបវារៈ​ជាច្រើន​ទៀត​នៅ​ថ្ងៃស្អែក

157

ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បើក​កិច្ច​ប្រជុំពេញអង្គ​ដើម្បី​ពិភា​ក្សាគ្នា​អំពី​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ការផលិត​ប្រេងកាត ​រួមទាំង​ របៀបវារៈ​ជាច្រើន​ទៀត​ នៅ​ថ្ងៃទី​២៥ ​ខែមិថុនា ឆ្នាំ​២០១៩​ខាង​ស្អែក​នេះ​។ កិច្ចប្រជុំ​នេះ​ នឹង​ប្រព្រឹត្តិ​ក្រោម​អធិបតី ភាព​សម្តេច​វិបុល​សេនា ​ភក្តី​សាយ ​ឈុំ ប្រធានព្រឹទ្ធសភា ​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​ព្រឹទ្ធសភា​ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ​ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធ​សភាជាតិ​កម្ពុជា​ បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​នា​ព្រឹក​នេះ​ គឺធ្វើឡើង​ដើម្បី​ពិនិត្យ ​និង​សម្រេច​លើ​សំណើរ ​ របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា​ សុំ​ដាក់​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត ​និង​ផលិតផល​ប្រេងកាត​ទៅ​ក្នុង​របៀបវារៈ​ នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។

ឯកឧត្តម​ បាន​បន្ត​ទៀត​ថា ​ប្រជុំ​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ ។ ​ពិនិត្យ​ និង​សម្រេច​ លើ​សំណើ​របស់ ​គណៈកម្មាការ​ទី​៣​ព្រឹទ្ធសភា ​សុំ​ដាក់​សេចក្តី​ ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សហ ភាព​អារ៉ាប់​អេ​មី​រ៉េត​ ស្តីពី​ការ​ជំរុញ ​និង​ការ​ការពារ​ទៅវិញទៅមក​ នៃ​វិនិយោគិន​។ ​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ ព្រឹទ្ធសភា​ សុំ​ដាក់​សេចក្តី ​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​ ស្តីពី​ការ​ជំរុញ​និង​ការ​ការពារ​ទៅវិញ​ទៅមក​នៃ​វិនិយោគ និង កិច្ចប្រជុំ​ពិនិត្យ​ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តី ​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​អង្គការ​បណ្តាញ​អន្តរ ជាតិ​សម្រាប់​ឫស្សី​ និង​ផ្តៅ​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ជាដើម​។

ឯកឧត្តម ​ម៉ម ប៊ុននាង​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ដ​ថា កិច្ចប្រជុំពេញអង្គ​ នា​ថ្ងៃស្អែក​នេះ​នឹង​កោះហៅ​ឯកឧត្តម​ ស៊ុយ សែម ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ដើម្បី​ឲ្យ​គាត់​លើកឡើង​ទាក់ទង ​និង​វិស័យ​ប្រេងកាត​ផងដែរ​។​

បើតាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា​រូបនេះ​ ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ​ក្រោយពី​ព្រឹទ្ធសភា អនុម័ត​លើ​របៀបវារៈ​ទាំងនោះ​ហើយ ​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ជាពិសេស​បង្កើន​ការងារ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​តែម្តង​៕