រាជរដ្ឋាភិបាល នឹងផ្តល់ដី សម្បទាន ដល់​សហគមន៍ជាង៤ម៉ឺនហិកតា សម្រាប់ដាំដើមឬស្សី និងផ្តៅ

305

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ​ នឹង​ផ្តល់​សម្បទាន ​ដល់ ​សហគមន៍ ជាង៤ម៉ឺនហិកតា សម្រាប់ធ្វើការដាំដើមឬស្សី ​និងផ្តៅ ខណៈ សេចក្តី ព្រាងច្បាប់​ស្តីការ​អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី​ ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់ឬស្សី ​និងផ្តៅ​ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុងហើយនោះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំពេញអង្គ ​នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ​ដោយ​កិច្ចប្រជុំនេះ ​បានប្រព្រឹត្តទៅកក្រោមអធិបតីភាព​ សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ ឯកឧត្តមម៉ម ប៊ុន នាង អ្នកនាំពាក្យព្រឹទ្ធសភា ​បានឲ្យដឹងថា រាជ​រដ្ឋាភិបាល នឹង​ផ្តល់ឱកាស ដល់សហគមន៍ធ្វើការដាំនូវដើមឬស្សី​ និងផ្តៅ នៅតាម ដីណា​ដែលបានដកហូត​ពី​ក្រុមហ៊ុនឯកជន និង​ដី ដែលត្រូវបានគេកាប់ព្រៃអស់នាពេលកន្លងទៅហើយការដាំនូវ​ដើម​ឬស្សី និងផ្តៅនេះ ​នឹងផ្តល់ការងារជាច្រើន ដល់ប្រជាពលរដ្ឋនៅតាម ​សហគមន៍។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមទៀតថា ការដាំដើមឬស្សី និងផ្តៅនេះ នឹងយកទៅធ្វើ ផលិត​ផល​ផ្សេងៗសម្រាប់យកទៅលក់នៅក្នុងទីផ្សារអន្តរជាតិ ​ហើយវា​ នឹងពង្រីវិសាលភាព ការងារដល់​ប្រជាពលរដ្ឋខ្មែរ​កាន់តែច្រើនបន្ថែមទៀតផងដែរ។

នៅក្នុងសេចក្តីព្រាងច្បាប់នេះមាន ​២២មាត្រាដែលគ្របដណ្តប់ដោយខ្លឹមសារពិស្តាររួមមានដូចជា ទី១. ប្រវត្តិនៃអង្គការបណ្តាញអន្តរជាតិឫស្សី ​និងផ្តៅ ទី២. គោលនយោបាយ និង​ផែនការ​យុទ្ធសាស្រ្ត ​ទី៣. លក្ខន្តិក​នៃការចូលជាសមាជិក ទី៤. ការត្រៀម​លក្ខណៈ​គ្រប់គ្រាន់​​មុន​ចូល​ជា​សមាជិក​ និងទី៥. ​អត្ថប្រយោជន៍​ នៃការចូលជាសមាជិក។

សូមបញ្ជាក់ថា ​បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមផលិតករ ​និង​សហគមន៍​អនុផលព្រៃឈើ ដែល​បាន​ចេញផ្សាយ​ កាលពីពេលថ្មីៗនេះ ​បានសរសេរថា ​បច្ចុប្បន្នមានពលរដ្ឋប្រមាណ៦៨%​ នៃ​គ្រួសារ​ជនបទនៅទូទាំងប្រទេសគឺបានពឹងអាស្រ័យ លើធនធានព្រៃឈើ ​ក្នុងមាន​ដូចជា​ការ​ប្រមូល​ពី​ព្រៃឬស្សី ​ផ្តៅ ​ទឹកឃ្មុំ ​ជ័រទឹក​ និង​ដើមទ្រាំងជាដើម៕