ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួង​វប្បធម៌​៖ មន្ត្រី​គ្រប់រូប​ក្នុង​ក្របខណ្ឌ​ក្រសួង ចាំបាច់​ពង្រឹង​សមត្ថភាព​ខ្លួន​បន្ថែម​

504

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អះអាង​ថា ម​ន្រី្ត​​គ្រប់រូប​ក្នុង​ក្របខណ្ឌ​ក្រសួង ត្រូវមាន​កាតព្វកិច្ច ចាំបាច់​ពង្រឹងសមត្ថភាព​ខ្លួន​បន្ថែម ដោយ​ខិតខំ សិក្សា​រៀនសូត្រ​បំពាក់​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន ដើម្បី​ក្លាយខ្លួនជា​មន្ត្រី​ដែលមាន​សមត្ថភាព​ចេះ​ទទួលខុសត្រូវ ក្នុង​ភារកិច្ច​ដែល​ក្រសួង​ផ្តល់​ឲ្យ​។​

ការ​ថ្លែង​របស់​ឯកឧត្តម អ៊ុក សុជាតិ បែបនេះ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ការងាររដ្ឋបាល និង​ការងារ​គ្រប់គ្រង​ដល់​សិក្ខាកាម​ជា​មន្ត្រីរាជការ សរុប​១២០​រូប ក្នុងនោះ ​សិក្ខាកាម​ជា​ស្ត្រី​មាន​៤៣​រូប មកពី​បណ្តា​នាយកដ្ឋាន​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​រាជធានី​ខេត្ត​, នា​ព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៩​នេះ នៅ​ទី​សី្ត​ការ​ក្រសួង​។​

ឯកឧត្តម បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ​ គឺជា​លទ្ធផល​ថ្មី​មួយ ដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈខិតខំប្រឹងប្រែង​បំពេញ ភារកិច្ច​ក្នុងការ​បណ្តុះបណ្តាល ធនធានមនុស្ស ផ្តល់​ចំណេះដឹង ដល់​អស់លោក លោកស្រី ដែលជា​មន្ត្រីរាជការ​ទាំ​ង​អស់​ឲ្យ​មានការ​ទទួលខុសត្រូវ ក្នុង​ការងារ​។ នេះ​គឺជា​កាតព្វកិច្ច​របស់​ម​ន្ត្រី​រាជការ​ក្នុងការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ជំរុញ​ឲ្យ​ការងារ​ក្នុង​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​កាន់តែ​រីកចម្រើន ប្រសើរ​ឡើង​ថែមទៀត​។​

ជាមួយគ្នា​នោះ​ដែរ លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​មន្ត្រីរាជកា​រ​បន្ថែម លើ​ការងាររដ្ឋបាល ការងារ​គ្រប់គ្រង កំណែទម្រង់ និង​ស​សេរ​ផែនការ ដល់​សិក្ខាកាម​ជា​អនុប្រធាននាយកដ្ឋាន អនុប្រធាន​មន្ទីរ ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ នៅតាម​អង្គភាព​ចំណុះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ដើម្បី​ឆ្លើយតប​នឹង​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​អោយ​កាន់តែ​ប្រសើរឡើង និង​ក្នុង​បំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រកាន់យក នូវ​ការងារ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ជា​អាទិភាព ជាអាទិ៍​កំណែទម្រង់ រដ្ឋបាល​សាធារណៈ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ច្បាប់ និង​តុលាការ និង​កំណែទម្រង់​តាម​វិស័យ​ដទៃទៀត ដោយ​ប្រតិ​ប​តិ្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​អភិបាលកិច្ច ល្អជា​មូលដ្ឋាន ដើម្បី​លើកកម្ពស់​កម្រិត​នីតិរដ្ឋ​ឲ្យ​បាន​កាន់តែ​រឹងមាំ និង​អំពាវនាវ​ឲ្យ​ម​ន្រី្ត​រាជការ​គ្រប់រូប​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ខាងលើនេះ​៕