ពាន Hun Sen Cup ថ្នាក់​ជាតិ​ចាប់ផ្ដើម​ប្រកួត​ថ្ងៃនេះ ខណៈ ចាន់ វឌ្ឍនាកា នឹង​បង្ហាញខ្លួន​លើកដំបូង​

790

បាល់ទាត់៖ ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ​លើក​ទី​១៣ ឆ្នាំ​២០១៩ នឹង​ចាប់ផ្ដើម​ការ​ប្រកួត​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ហើយ ដោយមាន ២គូត្រូវ​ធ្វើ​ការប្រកួត​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដំណាលគ្នា តែ​នៅ​ទីលាន ២​ផ្សេងៗ​គ្នា។

ចំពោះ​ក្រុម​បឹងកេត​នឹងត្រូវ​ជួប​ក្រុម​ជម្រើស​ខេត្ត​សៀមរាប​។ នេះ​គឺជា​ការប្រកួត​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ស្រប​ពេល​កីឡាករ ចាន់ វឌ្ឍនាកា ដែល​ទើប​ចែក​ផ្លូវ​ជាមួយ​ក្លឹប PKNS របស់​ម៉ាឡេស៊ី​នឹង​បង្ហាញ​ខ្លួន​លើកដំបូង ដើម្បី​ជួយ​ក្រុម​មិន​ធ្លាប់​ឈ្នះ​ពាន​សម្ដេច​តេ​ជោ​មួយ​នេះ។​ លោក ហៅ សុជាតិ គ្រូ​បង្វឹក​បឹង​កេត​បាន​ឲ្យ​ដឹង​ថា ចាន់ វឌ្ឍនាកា នឹង​បង្ហាញ​វត្តមាន​ក្នុង​ជម្រើស ១១​នាក់​ដំបូងក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ស្នូល ពេល​បឹងកេត​ប៉ះ​សៀមរាប​រសៀល​នេះ ខណៈ​កីឡាករ​មួយ​ចំនួន​ត្រូវ​បាន​លោក​ឲ្យ​សម្រាក​ដូចជា ឃួន ឡា​បូ​រ៉ាវី ជាដើម។ បន្ថែម​លើ​នេះ​លោក​ក៏​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ទីលាន នៃ​កីឡដ្ឋាន​ស្វាយ​ធំ​ដែល​ត្រូវ​ប្រកួត​ថ្ងៃនេះ​ផង​ដែរ។

រីឯ ១​គូ​ទៀត​គឺជា​ការ​ជួប​គ្នា​រវាង​ក្រុម​អគ្គិសនី​កម្ពុជា និង​អង្គ​រថា​យ​ហ្គឺ​រនៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា។ នេះ​គឺជា​លើក​ទី​២ ដែល​ក្រុម​ទាំងពីរបាន​ជួប​គ្នា​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ ខណៈ​កាលពី​ឆ្នាំ​២០១៧ ជួប​គ្នា ២​ជើង អគ្គិសនី​កម្ពុជា​បាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​សរុប ៥៤​។ ដូច្នេះ​ចាំ​មើល​ឆ្នាំនេះ តើ​អគ្គិសនី​កម្ពុជា​អាច​ធ្វើ​បាន​ល្អ​ដូច ២​ឆ្នាំមុន​ទៀត​ទេ​? ការប្រកួត​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News។​ ដោយឡែក​ថ្ងៃ​ស្អែក​នឹង​មាន ២​គូ​ទៀតរវាង​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុមបាល់ទាត់​ខេត្ត​កំពង់ចាមនៅ​កីឡដ្ឋាន Smart RSN ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល ​ក្រុម​ជើងឯក​ពាន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្នាក់​ខេត្ត គឺ​ក្រុម​ជម្រើស​ខេត្ត​ត្បូងឃ្មុំ ហើយ​ការប្រកួត​នេះ​ក្រុមការងារ​ទូរទស្សន៍ BTV ក៏​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​ផង​ដែរ៕

អត្ថបទ៖ លី ឈុន​ឡា