កម្ពុជា​ប្រកាន់​ភ្ជាប់​កណ្តាល ​និយម​ចំពោះ​ការបរទេស​ទៅកាន់​ពិភពលោក ​ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ

182

ភ្នំពេញ ៖ ​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​ និង​មន្ត្រីជាន់ខ្ពស់​រដ្ឋ​សភា​កម្ពុជា​ បាន​អះអាង​ដូចគ្នា​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាន់​ភ្ជាប់​នូវ​កណ្តាល​ និយម​របស់ខ្លួន ​សម្រាប់​ការបរទេស​ទៅកាន់​ពិភពលោក​ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​ និង​ប្រទេសជាតិ​ទាំងមូល​ បើទោះបីជា​ បច្ចុប្បន្ន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទីមួយ​ និង​ទី​ពីរ​កំពុង​កើតមាន​ក៏ដោយ​នោះ​។

ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយពី​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សិក្ខាសាលា​ ស្តីពី​«​ការវិវត្ត​នៃ ភូមិសាស្ត្រ​នយោបាយ​ និង​ការ​លេចឡើង​ នៃ​សេដ្ឋកិច្ច​ឌីជីថល​» នា​ព្រឹក​ថ្ងៃទី​២៧ ​ខែមិថុនា ឆ្នាំ​២០១៩​នេះ​ ដោយ​រៀបចំឡើង​ នៅ​វិមាន​ព្រឹទ្ធសភា​នេះ លោក​បណ្ឌិត ​ឆេង គឹម​ឡុង ប្រធាន​មជ្ឈមណ្ឌល​នវានុវត្ត​និង​ប្រជាធិបតេយ្យ​អភិបាលកិច្ច​ នៃ​វិទ្យាស្ថាន​ AVI​ បាន​លើកឡើងថា​ ប្រទេស​កម្ពុជា​ បាន​កំពុង​ដើរ​ផ្លូវ​កណ្តាល ​និយម​ដោយ​គ្មាន​ប្រកាន់​ប្រទេស​តូចធំ ​មាន​ឬ​ក្រ​នោះឡើយ​ ហើយ​ផ្លូវ​នេះ​គឺ​ដើម្បី​តែ​ផលប្រយោជន៍​របស់ខ្លួន​ប៉ុណ្ណោះ​។

ថ្លែង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​នោះដែរ ​ឯកឧត្តម សួស យ៉ា​រ៉ា​ អនុប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា ​បាន​លើកឡើង​ផងដែរ​ថា ​កម្ពុជា​ចាំបាច់​ត្រូវតែ​ប្រកាន់​នយោបាយ ​ការបរទេស​មិន​រឹងត្អឹង ដែល​ចាប់​យក​ប្រទេស​ទាំងអស់​ជា​មិត្ត ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​បណ្តា​ប្រទេស ជា​មិត្ត​ទាំងអស់នោះ​។

ឯកឧត្តម​ បានបញ្ជាក់​ទៀតថា «​កម្ពុជា​ត្រូវ​បន្ត​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​នយោបាយ​ការបរទេស​ ក្នុង​អភិក្រម​ប្រាកដ​និយម​មួយ ​ពោលគឺ​យើង​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា ​យើង​ចង់​ធ្វើ​អ្វី និង​មិត្ត​ថា​ ដែល​អាច​ជួយ​កម្ពុជា​ ស​ម្រេច​បាន​គោលដៅ​ការ​បទេស​របស់​យើង​»​។ ​កម្ពុជា​នឹង​បន្ត​ការចូលរួម ​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ​ក៏ដូចជា​ ធ្វើជា​ស្ពាន​ចំលង ​មហា​អនុ​តំបន់​ទន្លេមេគង្គ ទៅកាន់​ពិភពលោក​ខាងក្រៅ ​ទាំង​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ សេដ្ឋកិច្ច វប្បធម៌ និង​ សាសនា ក៏ដូចជា​ ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ជាដើម​៕