រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​និយាយ​ថា​ អាមេរិក​ពុំ​មាន​លទ្ធភាព​កម្ទេច​អ៊ីរ៉ង់​បានទេ​

538

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Javad Zarif បាន​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​ នា​ពេល​ថ្មីៗរបស់​លោក​ប្រធានាធិបតី Donald Trump ទៅកាន់​ទីក្រុង​តេ​អេ​រ៉ង់​តាម​បណ្ដាញ Twitter ដោយ​និយាយ​ថា សហរដ្ឋ​អាមេរិក​ពុំ​ទាន់មាន​លទ្ធភាព​កម្ទេច​អ៊ីរ៉ង់​នៅឡើយ​ទេ​។

ថ្លែង​ទៅកាន់​សារព័ត៌មាន CNN មួយ​សប្ដាហ៍ ​បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​ទម្លាក់​យាន​ដ្រូ​ន​យោធា​ របស់​សហរដ្ឋអាមេរិក​មួយ​គ្រឿង លោក Zarif បាន​និយាយ​ថា សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិកគឺ​ទង្វើ​បង្ក​ការ​ប្រឈម​ដាក់គ្នា និង​ការ​បង្ករឿង​ ប៉ុន្តែ​ប្រទេស​អ៊ីរ៉ង់​មិនបាន​ព្យាយាម​បង្ក​សង្គ្រាម​ទេ។ លោក Zarif បាន​និយាយ​ថា ខ្ញុំ​គិត​ថា​ លោក​ប្រធា​នាធិបតី Trump គួរតែ​ចាំ​ថា ​យើងមិនមែន​កំពុង​រស់​នៅ​ក្នុង​សតវត្ស​ទី​១៨ ​ទេ​។​ មាន​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ការ​គំរាម​ធ្វើសង្គ្រាម​គឺជា​រឿង​ខុសច្បាប់​។

ស្រប​ពេល​មាន​ភាព​តានតឹង​កំពុង​ឡើង​កម្ដៅ​រវាង​រដ្ឋបាល​លោក ​Trump និង​ទីក្រុង​តេ​អេ​រ៉ង់ លោក​ប្រធានាធិបតី​អាមេរិកបាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ការវាយប្រហារ​ចុងក្រោយ​ដែល​អ៊ីរ៉ង់​អាច​ធ្វើ​មក​លើ​អាមេរិក នឹង​ជួប​នូវ​ការ​ប្រើ​កម្លាំង​ដ៏​ខ្លាំងក្លា ​និង​ធំ​សម្បើម​៕

អត្ថបទ៖ សុខ​មាន