ក្រសួង​សុខាភិបាល​៖ ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព គឺជា​អាវុធ​លាក់​មុខ ​​អាច​សម្លាប់​មនុស្ស​​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​សង្គមជាតិ​យ៉ាង​ធ្ងន់ធ្ងរ

146

សៀមរាប៖ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ថ្លែង​ថា ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព គឺជា​អាវុធ​លាក់​មុខ ដែល​អាច​សម្លាប់​មនុស្ស​ដោយ​ស្ងៀមស្ងាត់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​យ៉ាង​ធ្ងន់ធ្ងរ​។​

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី «​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព » ដោយមាន​ការចូលរួម​ពី​ប្រធាន​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន និង​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ និង​អង្គការ​សុខភាព​ពិភពលោក WHO ដែល​បាន​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប កាលពី​ថ្ងៃ​ទី​០១ ​ខែកក្កដា ឆ្នាំ​២០១៩ នេះ​។​

លោកជំទាវ​ បាន​បន្ដ​ថា ដើម្បី​ពង្រឹង​ការ​ឆ្លើយតប​រួមគ្នា​ប្រឆាំង​ការ​គំរាមកំហែង​ពី​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព នៅក្នុង​តំបន់ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ឱកាស​បើក​សន្និសីទ​ថ្នាក់​តំបន់​ ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នា​ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ភ្នំពេញ ដែល​សម្តេច​តេ​ជោ ​បាន​សំណូមពរ​ឱ្យ​ប្រទេស​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ធ្វើការ​ឲ្យ​កាន់តែ​សកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ​។

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន (SOMHD) បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ដើម្បី​ពិនិត្យមើល​ក្របខ័ណ្ឌ​ច្បាប់ បទ​ប​ញ្ញ​តិ្ត​នានា​ដែល​មាន​ស្រាប់​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន ស្វែងរក​យន្តការ​រួមគ្នា​បង្កើន​ស​ម​ត្ថ​ភាព​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព និង​ពង្រឹង​យន្តការ​អភិបាលកិច្ច​ដែលមាន​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នានា​ដែល​ពាក់ព័ន្ធ​ទៅនឹង​គុណភាព​ឱសថ ។​លោកជំទាវ​បាន​ថ្លែងថា ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព គឺជា​អាវុធ​លាក់​មុខ ដែល​អាច​សម្លាប់​មនុស្ស​ដោយ​ស្ងៀមស្ងាត់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​យ៉ាងធ្ងន់ធ្ងរ ដូច្នេះ​ដើម្បី​ធានា​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​ឱសថ អាជ្ញាធរ​ឱសថ​ប្រចាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។​

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ធ្វើឡើង​មាន​រយៈពេល​០២​ថ្ងៃ ពីថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​០២​ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ផែនការ​សកម្មភាព​រួម​ថ្នាក់​តំបន់​អាស៊ាន ជាមួយ​អង្គការ​សុខភាព​ពិភពលោក ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព និង​ពិនិត្យ​ចំណុច​គោល​សំខាន់ៗ​ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ នៅ​ខែសីហា​ខាងមុខនេះ ដែល​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​ខាងមុខនេះ​។​លទ្ធផល​ដែល​ទទួលបាន​ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ នឹង​ស្នើសុំ​ដាក់បញ្ចូល​ទៅ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នៅ​ឆ្នាំ​២០២០​ខាងមុខ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​៕​