កម្ពុជា​អាច​ផលិត​ស៊ីម៉ងត៍​បាន​ជាង​៥​ពាន់​តោន​ក្នុង​១​ថ្ងៃ ដោយ​អាច​កាត់បន្ថយ​ការ​នាំចូល​រហូតដល់​ជិត​៤០%

466

ភ្នំពេញ៖ បន្ទាប់ពី​សម្ពោធ​និង​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ជាង​១​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី បាននិងកំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​ការពង្រឹង​គុណភាព​និង​បង្កើត​ផលិតផល​ថ្មី ប្រកបដោយ​គុណភាព​ខ្ពស់ និង​ច្នៃប្រឌិត ដែល​គិត​មកដល់ពេលនេះ​អាច​ផលិត​ស៊ីម៉ង់​ចែកចាយ​ក្នុងស្រុក​ប្រមាណ​ជាង​៥.៥០០​តោន ក្នុង​១​ថ្ងៃ រួមចំណែក​កាត់បន្ថយ​ការ​នាំចូល​ស៊ីម៉ង់ត៍​ពី​បរទេស​បាន​រហូតដល់​ទៅជិត​៤០%​។​

​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​ផលិតផល​ស៊ីម៉ង់ត៍​ម៉ាក​ថ្មី​គឺ អូដ្ឋ​រឹងមាំ ក្រោម​ពាក្យស្លោក សាងសង់​កាន់តែ​រឹងមាំ សាងសង់ ដោយ​មោទនភាព និង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ចែកចាយ​នៅលើ​ទីផ្សារ ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ​នៅ​ទីក្រុង​ភ្នំពេញ លោក Nicolas GEORGE នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជីបម៉ុង អ៊ិ​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) បាន​លើកឡើងថា សកម្មភាព​ផលិត​ស៊ីម៉ង់ត៍​អូដ្ឋ រួមចំណែក​យ៉ាងសកម្ម​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ជាពិសេស​ការរួមចំណែក​កាត់បន្ថយ​ការ នាំចូល​ស៊ីម៉ង់ត៍ ពី​បរទេស ដោយសារ​សព្វថ្ងៃនេះ​រោងចក្រ​ជីបម៉ុង មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​ប្រកបដោយ​គុណភាព​ខ្ពស់​។

លោក​បាន​បន្តថា ជាមួយនឹង​ការដាក់ចេញ​នូវ​ផលិតផល​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​តម្រូវការ​ទីផ្សារ​មាន ការកើនឡើង ជាពិសេស​អតិថិជន​ស្វែង​រកតែ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ រក្សា​នូវ​ភាពរឹងមាំ​គង់វង្ស​យូ​អង្វែង​។ មិន​ត្រឹមតែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់នូវ​ភាពងាយស្រួល​លាយ​និង​ចាក់ ដែល​អាចជួយ​បង្កើនល្បឿន​ការងារ​ជាងសំណង់ និង​ផ្តល់​ភាព​រលោង​ដល់ ផ្ទៃ​សំណង់​ទៀត​។​

ក្រុមហ៊ុន​ជីបម៉ុង អ៊ិ​ស៊ី ស៊ី​មេន បាន​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ជា​ផ្លូវការ​អំឡុង​ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ជា​ក្រុមហ៊ុន ដែល​វិនិយោគ​រោងចក្រ ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត​៕​