លោក ​Trump​៖ អ៊ីរ៉ង់​កំពុង​ប្រឡែង​ជាមួយ​ភ្លើង​ បន្ទាប់ពី​បំពាន​ដែន​កំណត់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ

310

អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ីរ៉ង់​កំពុង​ប្រឡែង​លេង​ជាមួយ​ភ្លើង​ហើយ ​បន្ទាប់ពី​ទីក្រុង​តេ​អេ​រ៉ង់​និយាយ​ថា ខ្លួន​បាន​បង្កើន​កម្រិត​លើ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញូ​ម​បម្រុង​ ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥​ ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​បោះបង់ចោល​នោះ។

អ៊ីស្រាអែល​ជំរុញ​ដល់​បណ្ដា​រដ្ឋ​នៅ​អឺរ៉ុប​ឲ្យ​ដាក់ទណ្ឌកម្ម​លើអ៊ីរ៉ង់ ខណៈ​ដែល​រុស្ស៊ី​បាន​បង្ហាញ​ការ​សោកស្ដាយ​ ប៉ុន្តែ​បាន​និយាយ​ថា ទង្វើ​នេះ​គឺ​កើត​ចេញពី​សម្ពាធ​របស់​ប្រធានាធិបតី​អាមេរិក ដែល​បាន​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​បរាជ័យ​។ ចក្រភព​អង់គ្លេស​បាន​អំពាវនាវ​ដល់​ទី​ក្រុង​តេ​អេ​រ៉ង់​ កុំ​ឲ្យ​ចាត់​វិធាន​ការ​ណាមួយ​ងាក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​អង្គការសហប្រជាជាតិ​និយាយ​ថា ​អ៊ីរ៉ង់​ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​​ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​នេះ​។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មានពាក់​កណ្ដាល​ផ្លូវការ​អ៊ីរ៉ង់ ISNA ថា អ៊ីរ៉ង់​បាន​ឆ្លងដែន​កំណត់​ដែល​តម្រូវ​ឲ្យ​ផលិត ៣០០​គីឡូក្រាម​នោះដោយ​ផ្អែក​តាម​ផែនការ​របស់​ខ្លួន ​ដែល​បាន​ប្រកាស​កាលពី​ខែ​ឧសភា៕

អត្ថបទ៖ សុខ​មាន