Man U​ ឲ្យ​ថ្លៃ 70លាន​ផោន​លើ Harry Maguire តែ Leicester ទាមទារ​ 90លាន​ផោន​

124

បាល់ទាត់៖ ​Manchester United នៅ​តែ​មិន​បោះ​បង់​ការ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ ខ្សែ​ការពារ​អង់គ្លេស Harry Maguire ពី Leicester City នៅ​ឡើយ ខណៈ​ក្លិប Old Trafford មួយ​នេះ​ហ៊ាន​អោយ​ថ្លៃ​ដល់ 70លាន​ផោន​។ ​យ៉ាង​ណាក្តី​សំណើ​ខាងលើ​របស់ Manchester United ត្រូវ​បាន​គេ​ដឹង​ថា ​បដិសេធ​ដោយ Leicester City ខណៈ​ក្រុម​ជើងឯក Premier League ឆ្នាំ2016 មួយ​នេះ​ទាមទារ​ដល់ 90លាន​ផោន​។

គ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន Harry Maguire ខ្លាំង ដោយ​ពេញចិត្ត​ចំពោះ​ទេពកោសល្យ និង​ភាពជា​អ្នកដឹកនាំ​របស់​កីឡាករ​វ័យ 26ឆ្នាំ​រូប​នេះ​។​ ​តាម​ពិត​ទៅ Leicester City ពិតជា​មិន​ចង់​បាត់ Harry Maguire ឡើយ​មិន​ថា​ទំហំ​ទឹកប្រាក់​បែបនេះ បន្ទាប់ពី​ក្លិប​ទើបបាន​ចងជើង​កីឡាករ​អង់គ្លេស​រូប​នេះ ​ជាមួយ​នឹង​កិច្ចសន្យា 5ឆ្នាំ​បន្ថែម​កាលពី​ខែ​កញ្ញា​ឆ្នាំមុន​។ ​អ្វី​ដែល Leicester City បារម្ភ​គឺ Harry Maguire ខ្លួនឯង​ទំនងជា​ចង់បាន​បទពិសោធន៍​ថ្មី​ នៅ​កំរិត​បាល់ទាត់​ខ្ពស់ជាង​នេះ ជាពិសេស​ជាមួយ​ក្លិប​ធំៗ​។ ​ប្រសិនបើ Harry Muguire ​ពិតជា​សំរេច​មក Manchester United មែន ក្លិប Old Trafford មួយ​នេះ​នឹង​កើន​ឡើង​ខ្ទង់​ចំណាយ​ទិញ​កីឡាករ​ជិត 2លាន​ផោន​ហើយ បន្ទាប់ពី​ទិញ​បាន Daniel James ពី Swansea និង Aaron Wan-Bissaka ​ពី Crystal Palace

អត្ថបទ​៖​នាង សុភា​វុ​ធ