សម្តេច​តេ​ជោ​ស្នើឱ្យ​កិច្ចប្រជុំ​WTO​ពិចារណា​លើ​ការដាក់​វិធានការ​ព្យួរ​ភាព​អនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច​

374

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​កិច្ចប្រជុំ​WTO​ធ្វើការ​ពិចារណា​ឲ្យ​បាន​ដិតដល់ មុននឹង​ដាក់​វិធាន​ការព្យួរ​ឬ​ដកចេញ​នូវ​ភាព​អនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​វិធានការ​នេះ​ទំនងជា​នឹង​ផ្ទុយ​ពី គោលការណ៍​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​។​

​​ក្នុង​សុន្ទរកថា​គន្លឹះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​អង្គការ​​ពាណិជ្ជកម្ម​ពិភពលោក​លើ​ទី​៧ ដើម្បី​ត្រួត​ពិនិត្យឡើងវិញ ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ ក្រោម​មូលបទ​«​គាំទ្រ​ពិពិធ​កម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច​សម្រាប់ ការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​» តាមរយៈ​ជំនួយ​ពាណិជ្ជកម្ម នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា ការព្យួរ​ឬ​ការដក​ភាពអនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច នឹងធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​មិនអាច ជួយ​ពិភពលោក ឲ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​មិន​អាចជួយ​ពួកគេ​ឲ្យ​ចាក​ចេញពី​ឋានៈ​ជា ប្រទេស​អភិវឌ្ឍន៍​តិចតួច​បានឡើយ​។​

សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការកសាង​សមត្ថភាព គឺ​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ប្រភព​កំណើត​ថ្មី ជាពិសេស​ផ្នែក​សេវា និង​ការទទួលយក​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ដើម្បី​ទាញយក​ផលប្រយោជន៍ ដែល​អាច​ទទួលបាន​ពី​សេដ្ឋកិច្ច ឌីជីថល​។ ទន្ទឹមនេះ ការរៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ផលិតផល​ចម្រុះ គឺ​សំដៅ​បង្កើន​ការនាំចេញ​ដែលជា ប្រភព​ចំណូល​សម្រាប់​លើកកម្ពស់​សុខុមាលភាព និង​ការងារ​ដល់​ស្ត្រី ជាដើម​។​

សម្ដេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​អង្គកា​រ​ពាណិជ្ជកម្ម​ពិភពលោក ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​នានា ដែល​បាន​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ក្នុងការ​ចូលរួមចំណែក​ជួយ​ប្រទេស​អភិវឌ្ឍន៍ តិចតួច រួមទាំង​កម្ពុជា​ផងដែរ​។​

សម្ដេច​បាន​បន្តថា ចាប់តាំងពី​ចាប់ផ្ដើម​ចរចា​ចូល​ជា​សមាជិក នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រហូតមកដល់ បច្ចុប្បន្ននេះ ជា​ចក្ខុវិស័យ គឺ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ហើយ​ដើម្បី​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​នេះ ក៏ដូចជា​ជួយ​ដល់ ប្រទេស​អភិវឌ្ឍន៍​តិចតួច ឲ្យ​ចាក​ចេញពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស តាម​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ​២០៣០ សម្ដេច​តេ​ជោ បាន​អំពាវនាវ​ដល់​បណ្ដា​រដ្ឋ​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ពិចារណា​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​បន្ត ទៀត​៕