ក្រុង​កំពត ​នឹងត្រូវ​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​

23394

 

កំពត ៖ ​ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កំពុង​ត្រៀម​រៀបចំ​គោលនយោបាយ​ទេសចរណ៍​ និង​កសាង​ឯកសារ​បឋម នៃ ក្រុង​កំពត ​ដែល​ត្រៀម​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក ​ដោយសារ​ខេត្ត​នេះ​ មាន​សក្ដានុពល​លើ​វិស័យ​ជា ​ច្រើន ពិសេស សំណង់​ស្ថាបត្យកម្ម ​សល់ពី​អាណានិគម​បារាំង​។

ដោយ​មើលឃើញ​អំពី​សក្ដានុពល​របស់​ខេត្តកំពត ​ពិសេស ពាក់ព័ន្ធ​នឹង​សំណង់​ស្ថាបត្យ​កម្ម បន្សល់ទុក​ពី​ជំនាន់​សម័យ​អាណានិគម ​បារាំង ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ ​អាជ្ញាធរខេត្ត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ចងក្រង​រៀបចំ​បញ្ជី​បេតិកភណ្ឌ ​ដើម្បី​ស្នើសុំ​ទៅ​អង្គការ​យូ​នី​ស្កូ ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​។

ឯកឧត្តម កើត ពុទ្ធ​វ​រី នាយក​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ គោលនយោបាយ​ទេសចរណ៍ ​និង​កសាង​ឯកសារ​បឋម​ នៃ​ក្រុង​កំពត ​ដែល​ត្រៀម​ចុះបញ្ជី​បេតិកភណ្ឌ​ពិភព លោក​ នៅក្នុង​ខេត្តកំពត ​កាលពី​ថ្ងៃទី​២៦ ខែ កញ្ញា ម្សិលមិញ បាន​ឱ្យដឹងថា ការ​ចងក្រង​ឯកសារ ​ដើម្បី​ដាក់បញ្ចូល​ក្រុង​កំពត ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក ​ជា​ផែនការ​សកម្មភាព​ក្នុង​ការ​អភិរក្ស​តំបន់​បេតិកភណ្ឌ ទាំងអស់ នេះ ឲ្យ​ក្លាយ​ជា​ផលិតផល​ទេសចរណ៍​មួយ​ថ្មី​របស់​ប្រទេសជាតិ ​ដែល​មាន​វ័យ​ចំណាស់​នៅក្នុង​តំបន់​អាស៊ី​ ពិសេស ​ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ពលរដ្ឋ ​ក៏​ដូច ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

ឯកឧត្តម បាន​បញ្ជាក់ថា ​នេះ​ជា​លើកទីមួយ​សម្រាប់​ប្រទេស​កម្ពុជា ​ក្នុងការ​ចងក្រង​ឯកសារ​ស្នើសុំ ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​។

ឯកឧត្តម បាន​ស្នើ​ដល់​អាជ្ញាធរ ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ ត្រូវ​សហការ​រួមគ្នា​ថែរក្សា អភិរក្ស​សំណង់​បេតិកភណ្ឌ​ទាំង​អស់នោះ​ឱ្យបាន​គង់វង្ស ​ពិសេស ចូលរួម​សំអាត​អនាម័យ​បរិស្ថាន លើក កម្ពស់​សោភ័ណភាព​ទីក្រុង ​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យបាន​ច្រើន​។

អ្នក​ម្នាង​បណ្ឌិត ស៊ី​សុ​វ​ត្តិ ម៉ែន ច័ន្ទ​ទេវី ​នាយិការ​មជ្ឈមណ្ឌល​បេតិកភណ្ឌ ​នៃ​ក្រសួង​វប្បធម៌​ និង វិចិត្រសិល្បៈ ​និង​ជា​សកល​វិទ្យា​ធិ​ការរង ​នៃ​សកល​វិទ្យាល័យ ​ភូមិន្ទ​វិចិត្រសិល្បៈ ​បាន​បញ្ជាក់ថា ខេត្ត​ដែល​ បាន​រៀបចំ​គម្រោង​សិក្សា​ដើម្បី​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ ​មាន​ខេត្តបាត់ដំបង កំពត និង​ក្រចេះ​។

តាម​ចក្ខុវិស័យ​ព្យាករណ៍ របស់​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​នៅ​ឆ្នាំ​២០២០ កម្ពុជា នឹង​ទទួល​បានការ​ចូល​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន​ប្រមាណ​៧​លាន​នាក់​ ជាមួយ ចំណូល​ជាង​៥​ពាន់​លាន​ដុល្លារ ​និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ ​និង​ដោយ​ប្រយោល រាប់​លាន​នាក់​ថែមទៀត​៕