​​លោក សឹង សំអុល និង​អ្នកពាក់ព័ន្ធ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌល​គិរី ប៉ុន្តែ​ការសាកសួរ​នៅ​មិនទាន់​បាន​បញ្ចប់នៅឡើយ​​

2259

មណ្ឌលគិរី​៖ នៅ​រសៀល​ថ្ងៃទី​១១ កក្កដា ២០១៩ លោក សឹង សំអុល និង​អ្នកពាក់ព័ន្ធ​ដែល​ត្រូវបាន​ឃាត់ខ្លួន​សួរចម្លើយ​ពីបទ​ល្មើស​ព្រៃឈើ​តាំងពី​ថ្ងៃ​០៩ កក្កដា នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ពី​សំណាក់​កម្លាំង​ជំនាញ ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ប៉ុន្តែ​ការសាកសួរ​នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល​នេះ ។​

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១១ កក្កដា​នេះ​ថា ក្នុងចំណោម​នុស្ស​ ០៤​នាក់ មាន​៣​នាក់​ជាប់​ពាក់ព័ន្ធ​ត្រូវ​បញ្ជូន​មក​សាលាដំបូង​ខេត្ត ក្នុង​នោះ រួម​មាន លោក សឹង សំអុល ម្នាក់​ដែរ។ លោក​ថា ការសាកសួរ​លោក សឹង សំអុល និង​មនុស្ស​២​នាក់​ទៀត​មិនទាន់​បញ្ចប់​នោះទេ រង់ចាំ​សួរ​បន្ត នៅ​ថ្ងៃស្អែក​(១២ កក្កដា​) ចំណែក​លោក សឹង សំអុល និង​អ្នកពាក់ព័ន្ធ​បាន​បញ្ជូនមក​ផ្ញើ​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ ហត្ថ​ខេត្ត ១​យប់​សិន​។​

សូម​រម្លឹកថា ករណី​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី កម្លាំង​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ចាប់ខ្លួន​មនុស្ស​បាន​៤​នាក់ ក្នុងនោះ​ មាន​មេការ​ក្រុមហ៊ុន​២​នាក់​, អ្នកបើករថយន្ត​ម្នាក់​, ប្រធាន​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ឧកញ៉ា ស៊ឹង សំអុល និង​ដកហូត​បាន​រថយន្ដ​ជាង​៤០​គ្រឿង និង​បំផ្លាញ​រថយន្ត​៤​គ្រឿង​ចោល​នៅក្នុង​ព្រៃ​តែម្ដង កាលពី​ថ្ងៃទី​១០​កក្កដា ចំណែក​រថយន្ត​ល្មើស​ជាង​៤០​គ្រឿង​ទៀត ដែល​ត្រូវបាន​បង្ក្រាប​និង​រឹបអូស​ផង​ដែរនោះ​រង់ចាំ​កាត់ចោល និង​បំផ្លាញ​ចោល​នៅពេល​ក្រោយ​៕​