ជំរំ​​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​​រង​​គ្រោះ​​ដោយ​ទឹក​ជំនន់​

196

បង់ក្លាដែស៖ ទឹក​ជំនន់​ និង​បំណាក់​ដី​​មួយ​ចំនួន​បាន​កើត​មាន​​ពី​ទឹក​​ភ្លៀង​​រដូវ​ម៊ូសុង​ អាច​នឹង​​គំរាម​កំហែង​​ដល់​ជីវិត​​​ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា ​ដែល​រស់​នៅ​ក្នុង​ជំរំ​​ក្នុង​ប្រទេស​បង់ក្លាដែស។

នា​ពេល​ថ្មី​ៗ​នេះ​អង្គការ​​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ហៅ​កាត់​ថា WFP និង​អង្គការ​​មនុស្ស​ធម៌​ដ៏​ទៃ​ទៀត​​ កំពុង​​អនុវត្តន៍​​វិធានការ​​ការពារ​​ក្នុង​ជំរំ​មួយ​ចំនួន ​នៅ​ក្នុង​ស្រុក​តាម​ឆ្នេរ​​សមុទ្រ​​ភាគ​ខាង​ត្បូង​​នៃ​ទីក្រុង​បាហ្សា ដែល​ទទួល​​ក្រុម​មូស្លីម​​រ៉ូហ៊ីងយ៉ា​ជាង ១លាន​នាក់​ ដែល​បាន​ភៀស​ខ្លួន​ចេញ​​ពី​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ​គាំទ្រ​ដោយ​​យោធា​​​ក្នុង​ស្រុក​កំណើត​​របស់​ពួក​គេ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​ការ​ប្រើប្រាស់​​បាវ​ខ្សាច់​ និង​​បំពង់​ទុយយោ​ធំ​ៗ​មាន​​ញាត់​ស៊ីម៉ងត៍​ ធ្វើ​ជា​​ជញ្ជាំង​បាំង​​ឲ្យ​បាន​គត់​មត់ កំពុង​ធ្វើ​ឡើង​​នៅ​តាម​​បណ្ដោយ​​ទី​ជម្រាល​​ដើម្បី​រារាំង និង​ការពារ​​ក្រែង​មាន​​បំណាក់​ដី​កើត​ឡើង​។ ​ការ​ផ្គត់ផ្គង់​​ទឹក​ស្អាត​​ និង​ស្បៀង​អាហារ​​ ក្នុង​នោះ​មាន​ទាំង​​នំ​ធុង​ប៊ីស​ស្គីត​​មាន​ជីវជាតិ​ខ្ពស់​ និង​អង្ក​ទាំង​បាវ​ៗ​ក៏​កំពុង​​ចែក​ចាយ​ទៅ​ឲ្យ​ជន​ភៀស​ខ្លួន ​​ដែល​រស់​នៅ​ក្នុង​ជំរំ​ទាំង​នេះ។

ហ្គេមម៉ាស្នូវដុន ដែល​ធ្វើ​ការ​ឲ្យ​អង្គការ​ WFP ក្នុង​តំបន់​កុកបាហ្សា​បាន​និយាយ​ថា ស្ថានភាព​​នៅ​ក្នុង​ជំរំ​​គឺ​មាន​ក្តី​បារម្ភ​ខ្លាំង​ បន្ទាប់​ពី​ភ្លៀង​​ធ្លាក់​មិន​ឈប់​​អស់​​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ​ទោះ​យ៉ាង​ណា​ក៏​ដោយ​​លោក​ស្រី​បាន​បន្ថែម​ថា អង្គការបាន​ត្រៀម​​រួចរាល់ដើម្បី​ឆ្លើយ​តប​ភ្លាម​ៗ ​ប្រសិន​ស្ថានភាព​ធ្ងន់ធ្ងរ​​កើន​ឡើង​។ ​អំឡុង​ពេល​ពិនិត្យ​នៅ​ជំរំ​គូតាប៉ាឡុង​ ក្នុងតំបន់​កុកបាហ្សា​កាល​ពី​ថ្ងៃ​ពុធ​​កន្លង​ទៅ​ អតីត​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​​លោក បាន​ គីមូន បាន​សម្ដែង​ក្តី​​បារម្ភ​ខ្លាំង​ជុំវិញ​​​ផល​ប៉ះ​ពាល់​ ​ពី​អាកាស​ធាតុ​​កាច​សាហាវ​​នៅ​តំបន់​មួយ​នេះ៕​​

អត្ថបទ៖ រិទ្ធី