នាយក SOS ថា ប្រទេស​ទទួលបាន​សន្តិ​ភាព ចំនួន​កុមារ​រងគ្រោះ​បាន​កំពុង​បន្ត​ធ្លាក់​ចុះ​

91

ភ្នំពេញ៖ នាយក​បណ្ដុះបណ្ដាល​ថ្នាក់ជាតិ នៃ​អង្គការ​ភូមិ​កុមារ SOS កម្ពុជា ថ្លែង​ថា ក្រោយពី​កម្ពុជា​ចាក់​ផុត​ពី​សង្គ្រាម​រ៉ាំរ៉ៃ និង​ទទួលបាន​នូវ​សន្តិភាព ស្ថិរភាព​សង្គម​មក ចំនួន​កុមារ​ស្ថិត​ក្នុង​ភាព​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា បាន​កំពុង​បន្ត​ធ្លាក់​ចុះ​ជា​បណ្តើរៗ។​

​​លោក ម៉ោង ម៉ា​តាំង នាយក​បណ្តុះបណ្តាល​ថ្នាក់ជាតិ នៃ​អង្គការ​ភូមិ​កុមារ SOS កម្ពុជា បាន​លើកឡើង នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​ម្តាយ អេស អូ អេស ជំនា​ន់ទី​១៦ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ថា នៅក្នុង​រយៈពេល​៤០​ឆ្នាំកន្លងមកនេះ ជាពិសេស​ក្រោយពី​ប្រទេស​កម្ពុជា​ចាក​ផុតពី​សង្គ្រាម​រ៉ាំរ៉ៃជាពិសេស​ក្រោយពី​កម្ពុជា​ទទួលបាន​នូវ​សន្តិភាព​ពេញលេញ ចំនួន​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ បាន​បន្ត​ធ្លាក់ចុះ​ជា​អតិបរមា តែ​ទោះបី​ចំនួន​នេះ​បន្ត​ធ្លាក់ចុះ​ក៏ដោយ អង្គការ SOS នៅតែ​បេសកម្ម​របស់ខ្លួន ដើម្បី​ជួយ​កុមារ​ទាំងនោះ ឲ្យ​មាន​ម្តាយ មាន​បងប្អូន មានផ្ទះ និង​ឲ្យកុ​​មារ​ទាំងនោះ​មាន​ភូមិឋាន​រស់នៅ​ផងដែរ​។​

លោក បាន​បញ្ជាក់​ថា ចំពោះ​កុមារ​ដែល​ស្ថិតនៅក្នុង​ភាព​រងគ្រោះ និង​ងាយ​រងគ្រោះ​ក្នុងសង្គម​បច្ចុប្បន្ន មិនមែន​កើតឡើង​ដូច​ក្នុងសម័យ​សង្គ្រាម​នោះឡើយ ពោលគឺ​កុមារ​ទាំងនោះ ភាគច្រើន​កើតចេញពី​កត្តា​សង្គម​មួយចំនួន​ដូចជា ឱ​ពុក​ម្តាយ​ប្រើប្រាស់​គ្រឿងញៀន​, បញ្ហា​ចរាចរ​, ការ​ចំណាក់ស្រុក​របស់​ពុក​ម្តាយ និង​ការប្រព្រឹត្ត​អំពើរ​ខុសឆ្គង​ផ្នែក​សីលធម៌ ដែលជា​លក្ខណៈ​បង្ក​ឲ្យ​កុមារ​ជួប​បញ្ហា គ្មាន​ទីពឹង​នៅក្នុង​សង្គម​។

​​ចំណែក លោក បាន វុត្ថា អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សកម្មភាព​របស់​អង្គការ SOS ដែល​បាន​អនុវត្តន៍​កន្លងមក ក៏​ដូច​បច្ចុប្បន្ន ជាក់់ស្តែង​អង្គការ SOS បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​ភូមិ​កុមារ អេស អូ អេស កម្ពុជា បាន​កំពុង​ផ្តោតលើ​ការអភិវឌ្ឍន៍ ឲ្យ​ក្លាយជា​សមាជិក​ដែល​អាច​ទ្រទ្រង់​ខ្លួន​ឯងបាន និង​កំពុង​ចូលរួមចំណែក​បានជា​មួយ​សង្គមជាតិ​ផងដែរ ។​

​​ពាក់ព័ន្ធ​ការ​ជួ​ួ​យ​កុមារ​រងគ្រោះ​នេះ លោក ម៉ា​ល សុ​វ​តី ទីប្រឹក្សា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លើកឡើងថា ការបើក​បណ្តុះបណ្តាល​អ្ន​ក​ម្តាយ ស្តីពី​ការថែទាំ​កុមារ ពិត​ជាមាន​សំខាន់ ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​គ្រប់រូប ឲ្យ​មាន​ក្រុមគ្រួសារ​មួយ រីកលូតលាស់​ប្រកបដោយ​ក្តី​គោរព​ស្រឡាញ់ ក្នុងនោះ​អ្នក​ម្តាយ​ត្រូវមាន​ចំណេះដឹង​ពី​មូលដ្ឋានគ្រឹះ ស្តីពី​កុមារ ការយល់ដឹង​ពី​វិធី​ការពារ​ជម្ងឺឆ្លង​ផ្សេងៗ ការបង្កើន​ចំណេះដឹង​ពី​វិធីសាស្ត្រ​សង្គ្រោះ​បឋម ការប្រឹក្សារ​យោបល់ និង​កម្មវិធី​ផ្សេងៗ​ទៀត ដើម្បី​ជម្រុញ​ឲ្យ​កុមារ​ទាំងនោះ​ទទួលបាន​ភាពកក់ក្តៅ មានចំណេះដឹង និង​មាន​ជំនាញ​ផ្សេងៗ ស្របតាម​ទិសដៅ នៃ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ៕