អាមេរិក​ច្រានចោល​ទាំងស្រុង​ចំពោះ​ជំនួប​ដោយ​សម្ងាត់​ជាមួយ​ក្រុម​មន្ត្រី​អ៊ីរ៉ង់

156

អាមេរិក៖ លោក Brian Hook ទីប្រឹក្សា​ពិសេស​រដ្ឋាភិបាល​អាមេរិក​លើ​កិច្ចការ​អ៊ីរ៉ង់ បាន​ធ្វើ​ការ​ច្រាន​ចោល​ទាំងស្រុង​​ថា គ្មាន​កិច្ចពិភាក្សា​ណាមួយ​កើតឡើង​នោះ​ទេរវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អា​រ៉ា​ប៊ី​សា​អូឌីត Al-Arabiya ក្រោយ​ទូរទស្សន៍​អ៊ីស្រាអែល i24News រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ជំនួប​សម្ងាត់​មួយ​រវាង​ប្រទេស​ទាំង​២ បាន​កើតមានឡើង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​សប្ដាហ៍​មុន​។

លោក Hook បាន​និយាយ​ថា អ៊ីរ៉ង់​បាន​ច្រានចោល​ដំណោះស្រាយ​ការទូត ​ច្រើន​លើក​រាប់​មិន​ឈ្នះ​មក​ហើយ​ៗ​ ឥឡូវ​ក៏​គ្មាន​ការ​ជជែក​ពិភាក្សា​ពីក្រោយ​ខ្នង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​នោះ​ដែរ​។ ​យោង​តាម​សេចក្ដី​រាយ​កា​រណ៍​ពី​ទូរទស្សន៍ Al-Arabiya​ បាន​ឲ្យ​ដឹង​ថា លោក Hook​ បាន​ធ្វើ​ការ​សង្កត់​ធ្ងន់​ផង​ដែរ​ថា សាធារណរដ្ឋ​អ៊ីស្លាម​ត្រូវតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្លួន ដើម្បី​បញ្ឈប់​ទណ្ឌកម្ម។​ នេះ​ជា​លើកដំបូង​ហើយ​ដែល​យើង​និយាយ​ថា ​ទេ​ចំពោះ​របប​អ៊ីរ៉ង់​។ គ្មាន​កម្រិត​ណា​អាច​ទទួល​យក​បាន​នូវ​ ជំនួយ​ប្រល័យ​ចំពោះ​សិទ្ធិ​ប្រទាន​របស់​ពួកគេ​នោះ​ទេ ហើយក៏​គ្មាន​កម្រិត​ណា​អាច​ទទួល​យក​បាន​ នូវ​ការ​គំរាមកំហែង​មក​លើ​ប្រទេសជិតខាង​របស់​អ្នក​រាល់ថ្ងៃ​នោះ​ដែរ​។ ពួកគេត្រូវតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ពួកគេ​។

សូម​បញ្ជាក់​ថា ទូរទស្សន៍ i24News បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ជំនួប​ដោយ​សម្ងាត់​មួយ​រវាង​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក និង​ក្រុម​អ្នកតំណាង​អ៊ីរ៉ង់ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ទីក្រុង​អ៊ឺ​ប៊ី​លប្រទេស​អ៊ីរ៉ាក់​។ ក្រុម​អ្នកតំណាង​អ៊ីរ៉ង់ដឹកនាំ​ដោយ​លោក ហាសាន់ ខូ​មេ​ណេ ដែល​ជា​ចៅប្រុស​បង្កើត ​របស់​ស្ថាបនិក​បង្កើត​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់លោក ​អា​យ៉ា​តូ​ឡា រូ​ហូ​ឡា ខូ​មេ​ណេ​៕

អត្ថបទ៖ សារ៉ាត់