រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ ដាក់​វិធានការ​បន្ទាន់​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក

198

បន្ទាយមានជ័យ​ ៖ ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ​ដាក់​វិធានការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ ​រីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក ​ខណៈដែល​ជំងឺ​នេះ​ បាន​នឹង​កំពុង​ផ្ទុះឡើង​នៅក្នុង​ខេត្ត​ចំនួន​ប្រាំ​ក្នុង​ប្រទេស​កម្ពុជា​ ដោយបាន ​សម្លាប់សត្វ​ជ្រូក​ពីរ​បី​ពាន់​ក្បាល​ហើយ​។

សេចក្តី​ណែនាំ​លេខ​០០៦/១៩ ស​ណន​ ចុះ​ថ្ងៃទី​១២ ខែកក្កដា នេះ​ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​ឱ្យ​មន្ទីរ​សុខាភិបាល ធ្វើ​ការ​ជំរុញ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព ដល់​ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ ​បែប​ពាណិជ្ជកម្ម និង​អ្នក​ពាក់ព័ន្ធ អំពី​ផល​ប៉ះ ​ពាល់​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដោយ​ត្រូវ​ធ្វើ​ការតាមដាន​អង្កេត ​អំពី​ស្ថានភាព​សុខភាព​សត្វ​ជ្រូក​ក្នុង​ខេត្ត​។

សេចក្ដីណែនាំ បាន​ជំរុញ​ឱ្យ​បង្កើន​ការអនុវត្ត​នូវ​វិធានការ​ជីវៈ​សុវត្ថិភាព ​នៅតាម​កន្លែង​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូលផ្ដុំ​ជ្រូក ​និង​សត្តឃាតដ្ឋាន​ជាប្រចាំ​។ ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ​ចលនា​ចរាចរណ៍​សត្វ​ជ្រូក ផលិតផល​មាន​ដើមកំណើត​ពី​សាច់ជ្រូក​ ក្នុង​រង្វង់​ដែនដី​ខេត្ត​។ ណែនាំ​ម្ចាស់​សត្តឃាតដ្ឋាន ឲ្យ​ចូលរួម​សហ ​ការ​ជាមួយ​ភ្នាក់ងារ​បសុពេទ្យ ដើម្បី​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​រស់​ ដែល​គ្មាន​លិខិត​អនុញ្ញាត និង​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​សត្វ​ពី​សមត្ថកិច្ច​បសុពេទ្យ​។

សេចក្តីណែនាំ បាន​ជំ​រុញឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បសុពេទ្យ ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ដោយ​ត្រូវ​ចូលរួម​ជួយ​ទប់ស្កាត់​រាល់​ការ​ដឹកជញ្ជូន​សត្វ ជ្រូក ផលិតផល ​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក ដែល​គ្មាន​លិខិតអនុញ្ញាត ​និង​លិខិតបញ្ជាក់​សុខភាព​សត្វ ពី​សមត្ថកិច្ច​ជំនាញ​។ ​អាជីវករ​ពិឃាដ​ជ្រូក​ទាំងអស់ ​ត្រូវ​ទិញ​សត្វ​ជ្រូក ​ដែលមាន​ប្រភព​ច្បាស់លាស់ ​ពី​តំបន់​គ្មាន​ផ្ទុះ​ជំងឺឆ្លង ដែល​ភ្ជាប់​វិញ្ញាបនបត្រ​មកជា​មួយ​។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ​នៃ​មន្ទីរ​កសិកម្ម ខេត្ត​បន្ទាយ មានជ័យ ​បានឱ្យដឹងថា អនុវត្តតាម​វិធានការ​ណែនាំ​បង្ការ​ទប់ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក កាលពី​ថ្ងៃទី​១២ ខែកក្កដា ​នេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ ​បាន​ចុះ​អប់រំ​អាជីវ​ករ​លក់​ផលិតផល​សាច់ជ្រូក នៅ​តាម​ទីផ្សារ​នានា ក្នុង​ក្រុង​សិរីសោភ័ណ ដោយ​ណែនាំ​ឱ្យ​ពួកគេ​ជ្រើសរើស​តែ​សាច់ជ្រូក​ដែលមាន​ប្រភព​ច្បាស់លាស់​ និង​ភ្ជាប់ លិខិតអនុញ្ញាត​ពី​សុខភាព​សត្វ ​យកមក​លក់​។ ណែ​នាំឱ្យ​ម្ចាស់​ទីសត្ដឃាត ​ចៀសវាង​នាំ​សត្វ​ជ្រូក​ពី​ប្រទេស វៀតណាម ​និង​សត្វ​ជ្រូក​ ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ មក​ធ្វើ​អាជីវកម្ម ​និង​កន្លែង​ទីសត្តឃាត​ ត្រូវ​បាញ់ថ្នាំ សម្លាប់​មេរោគ​ជាប្រចាំ​។

លោក​ បាន​បញ្ជាក់ថា ​មន្ត្រី​ជំនាញ​ពេទ្យសត្វ បាន​ចុះទៅ​ត្រួតពិនិត្យ​កសិករ ​ចិញ្ចឹម​ជ្រូក​២៥​កន្លែង នៅក្នុង​ស្រុក​ស្វាយចេក​ ដោយ​បាន​ណែនាំ​ឱ្យ​ម្ចាស់​កសិដ្ឋាន​បាញ់ថ្នាំ​រម្ងាប់​មេរោគ​ជាប្រចាំ​ផង​ដែរ ហើយ​ មន្ត្រី​ជំនាញ​ បាន​ចុះ​បាញ់ថ្នាំ​រម្ងាប់​មេរោគ​នៅ​ទីកន្លែង​ចិញ្ចឹម​ជ្រូក​នីមួយៗ​ផងដែរ​៕