ឯកឧត្ដម ស សុខា ប្រាប់​អត្ត​ព​លិ​ក​ត្រៀម​ប្រកួត​កីឡា​សិស្ស​អាស៊ាន​ឲ្យ​សម្រួច​ឆន្ទៈ​ដើម្បី​ជាតិ និង​ថ្ងៃ​អនាគត​

122

កីឡា​សិស្ស​៖ ប្រតិភូ និង​អត្ត​ព​លិ​ក ៥​ប្រភេទ​កីឡា​បាន​ត្រៀមខ្លួន​ហើយ​ជាស្រេច ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​អាស៊ាន​លើក​ទី​១១ ឆ្នាំ​២០១៩ (​ASEAN School Games 2019) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ចុង​សប្ដាហ៍​នេះ។ ប៉ុន្តែ​មុន​ចេញដំណើរ​ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាក៏បាន​ជួប​សំណេះសំណាល និង​ផ្ដាំផ្ញើ​អត្ត​ព​លិ​ក​ទាំងអស់ត្រូវ​សម្រួច​ឆន្ទៈ​ដើម្បី​ជាតិ និង​អនាគត​ឲ្យ​ម៉ឺងម៉ាត់​បំផុត។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាលនា​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ចុង​សប្ដាហ៍​កន្លងទៅឯកឧត្ដម បាន​លើក​ឡើង​ថា រយៈពេល ៣​លើកមក​ហើយ ដែល​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ តែ​លទ្ធផល​ទទួល​បាន​ហាក់​ជ្រាំ​ដែលមិន​រីករាយ​ចម្រើន​ឡើយ។ ការ​និយាយ​ដោយ​ចំៗ​បែបនេះត្រូវ​បាន​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​អះ​អាង​ថា គឺ​ចង់​ក្រើន​រំឭក​អត្ត​ព​លិ​ក​ទាំងអស់ តើ​ត្រូវ​មានការ​រៀបចំខ្លួន​ដូចម្ដេច បន្ទាប់ពី​ខ្លួន​បរាជ័យ​? ឯកឧត្ដម ស សុខា បន្ដ​ថា ការចូលរួម​នេះមិន​ត្រឹម​ក្នុងនាម​សាលា ឬ​ខ្លួនឯង​នោះ​ទេគឺ​ដើម្បី​ជាតិ​ តំណាង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ហេតុនេះ​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗត្រូវ​មាន​ការ​ប្ដេជ្ញាចិត្ត ស្មារតី និង​ឆន្ទៈ​មុតមាំដើម្បី​ប្រកួតប្រជែង ដោយ​អង់អាច​ក្លាហាន មិនត្រូវ​ភ័យ​ភ្លា​ច​នោះទេ។ ពិសេស​ត្រូវ​ស្វែងយល់ និង​សិក្សា​បន្ថែមក្នុងនាម​ជា​ថ្នាលដើម្បី​ដកស្រង់​បទពិសោធន៍ និង​ដុះ​ខាត់​សមត្ថភាពឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នា​ថ្ងៃ​អនាគត ត្បិត​អត្ត​ព​លិ​ក​ម្នាក់ៗសល់​ពេលវេលា​វែងឆ្ងាយ​ទៀត។​

គួរ​ដឹង​ថា បេសកកម្ម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ 11th ASEAN School Games 2019 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ខាងមុខនៅ​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​អត្ត​ព​លិ​ក​ទាំង ៥​ប្រភេទ​កីឡាដែល​កម្ពុជា​ត្រៀម​បញ្ជូន​ទៅ​ចូលរួម មាន​ដូចជា​កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡា​វាយ​សី កីឡាវាយកូនឃ្លីលើតុ និង​កីឡា​វាយ​កូន​បាល់ ដែល​មាន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ៥៦នាក់។ នេះ​គឺជា​លើក​ទី​៤ ហើយដែល​កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ៕

អត្ថបទ៖ លី ឈុន​ឡា