រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ ​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​នឹង​ផ្ដល់​ផលចំណេញ​ដល់​កម្ពុជា បើ​មាន​រយៈពេល​ខ្លី​

472

ភ្នំពេញ៖ ស្រប​ពេល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភព​ទាំងពីរ គឺ​អាមេរិក និង ចិន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​កម្ពុជា មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ប្រសិន​បញ្ហា​នេះ កើត ឡើង​ក្នុង​រង្វង់​រយៈពេល​ខ្លី​។​

​​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ បាន​ប្រាប់​​ថា ដំណាក់កាល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង អាមេរិក គឺជា​ហា​នី​ភ័យ​របស់​ពិភពលោក ប្រសិនបើ បញ្ហា​នេះ​អូសបន្លាយ​ពេល​រយៈ​វែង ប៉ុន្តែ​សម្រាប់​កម្ពុជា នឹង​ទទួលបាន​នូវ​ឱកាស​វិនិយោគ​បន្ថែមទៀត ប្រសិន​វា​ជា​បញ្ហា​មាន​រយៈពេល​ខ្លី ដែល​ធ្វើឱ្យ​អ្នកវិនិយោគ ក្រឡេក​មក​មើល​ប្រទេស​ក្នុង​តប​ន់​អាស៊ី​។​

ទោះបីជា​សង្គ្រាម​ពាណិជ្ជកម្ម ចិន និង អាមេរិក ស្ថិតក្នុង​ស្ថានភាព​យ៉ាងណាក៏ដោយ ចំពោះ កម្ពុជា ប្រកាន់​ជំហរ​ទីផ្សារសេរី បើកឱកាស​ឱ្យ​មាន​ទំហំ​វិនិយោគ​ទូលំទូលាយ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស កម្ពុជា កាន់តែ​ទទួល​កំណើន​បន្ថែមទៀត​។​

កាលពី​ថ្ងៃទី​០៦ ខែកក្កដា​នេះ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក ជាមួយ ចិន បានចាប់ផ្តើម​មែន ទែន​ហើយ​។ ច្បាប់​កំណត់​ពន្ធគយ​របស់​អា​មេ​រិ​ក ដែល​កម្រិត​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន បាន​ចូល​ជាធរ មាន តាំងពី​ពេល​រំលងអធ្រាត្រ​មកម្ល៉េះ​។ រដ្ឋាភិបាល​អាមេរិក របស់លោក ដូ​ណា​ល់ ត្រាំ បានដាក់​រនាំង​ពន្ធ គយ ចំនួន​២៥​ភាគរយ ចំពោះ​ទំនិញ​ជាង​៨០០​មុខ របស់​ចិន ដែល​នាំចូល​ទៅក្នុង​ទឹកដី​អាមេរិក​។​

លើសពីនេះ នៅ​ពីរ​សប្តាហ៍​ខាងមុខ រដ្ឋាភិបាល​របស់លោក ត្រាំ នឹង​បន្ថែម​ពន្ធគយ​១០​ភាគរយ ថែមទៀត ចំពោះ​ទំនិញ​នាំចូល​ពី​ចិន​។ ចំណែក​ចិន បាន​ឆ្លើយតប​វិញ​ភ្លាមៗ ថា​ចិន​នឹង​វាយបក​យ៉ាង សម ស្រប​ចំពោះ​ទង្វើ​របស់​អាមេរិក​។ ជាមួយគ្នា​នោះ ចិន ក៏បាន​ចោទ​អាមេរិក​ថា ជា​អ្នកបង្ក​សង្គ្រាម​ពាណិជ្ជកម្ម ជា​ប្រវត្តិសាស្ត្រ ចំពោះ​ចិន​។ អាមេរិក គឺ​កំពុងតែ​រំលោភ​គោលការណ៍​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី របស់​អង្គការ ពាណិជ្ជកម្ម​ពិភពលោក​៕​