ប្រមុខ​រាជរដ្ឋាភិបាល​លា​ទៅ​បម្រើ​ជាតិ​ជាថ្មី​ដោយ​ប្រើ​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ​

395

ភ្នំពេញ៖ មុនពេល​ចេញដំណើរ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ នៅ​ទីក្រុង ញូយ៉ក សហរដ្ឋអាមេរិក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ថា ការ​លា​ទៅ​បម្រើ​ជាតិ​លើក​នេះ គឺ​ប្រើ​នយោបាយ​ការទូត​លើ​ឆាក​អន្តរ​។​

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ សម្តេច​តេ​ជោ បាន​រម្លឹក​ជនរួមជាតិ​ថា​ខ្មែរ​ស្ទើរ​គ្រប់គ្នា​ស្គាល់​បទ​ដ៏​ពេញនិយម​មួយ​ដែលមាន​ចំណងជើង​ថា លា​ទៅ​បម្រើ​ជាតិ​។​សម្តេច​តេ​ជោ បន្តថា តែ​សម័យ​ដែល​ចេញ​ប​ទស​ម្រៀ​ង​នោះ គឺ​ទៅ​ច្បាំង​ដោយ​ប្រដាប់អាវុធ​សុទ្ធសាធ យក​ជីវិត​ជាដើម​ទុន មក​រំដោះជាតិ យក​ដើមទ្រូង​មក​ពាំង​គ្រាប់​ដើម្បី​ការពារជាតិ​។ សម្តេច​បន្តថា​សម្តេច​ធ្លាប់​ស្គាល់​រស់ជាតិ​នេះ​ច្បាស់​ជាងគេ ដូចនេះ​សម្តេច​មិន​ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​ទទួល​ភ្លក់​រសជាតិ​នេះ​ទៀតឡើយ​។

សម្តេច​បន្តថា ថ្ងៃនេះ​សម្តេច​សូម​លា​ទៅ​បម្រើ​ជាតិ​ជាថ្មី​ម្តងទៀត​ដោយ​ប្រើ​នយោបាយ​ការទូត​នៅលើ​ឆាក​អន្តរជាតិ​។ កម្ពុជា​មិនអាច​ឱ្យគេ​បង្ខូច​ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ ។ សម្តេច​ចេញទៅ​លើក​នេះ​ក៏​នឹងចូលរួម​ផងដែរ​នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​យ៉ាង​តានតឹង និង​ស្មុគស្មាញ ហើយ​ចំពោះ​ជនរួមជាតិ​ដែល​គាំទ្រ​សម្តេច​និង​គាំទ្រ​កម្ពុជា​នៅក្រៅ​ប្រទេស សម្តេច​នឹង​ទៅ​ជួប​បងប្អូន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ ក្នុងជំនួប​នោះ​នឹង​អាច​សន្ទនា​ផ្លាស់ប្ដូរ​សេចក្តី​នឹករ​ឮ​ក​ជាមួយគ្នា សម្តេច​នឹង​អាច​រាយការណ៍​ជូន​ពី​សភាពការណ៍​ទូទៅ ការវិវឌ្ឍ និង​ការអភិវឌ្ឍន៍​នានា​លើ​មាតុភូមិ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

តែ​ទោះជា​យ៉ាងនា​សម្តេច​លើកឡើងថា ចំពោះ​ជនរួមជាតិ​នៅក្រៅ​ប្រទេស​ដែល​មិន​ចូលចិត្ត​សម្តេច​ក៏​សូម​ចែកឱ្យដាច់​នូវ​អ្វី​ជា​ផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វី​ជា​មុខមាត់ និង​ផលប្រយោជន៍​ជាតិខ្មែរ​ទាំ​ង​មូល ដោយ​សម្បជញ្ញៈ វិចារណញ្ញាណ និង​មនសិការ​ផ្ទាល់​រៀងៗ​ខ្លួន​៕