ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បើក​កិច្ចប្រជុំ​ជា​លើក​ដំបូង​​​

441

ភ្នំពេញ៖ បន្ទាប់ពី​កិច្ចប្រជុំ​លើកដំបូង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ត្រូវបាន​បញ្ចប់​ដោយ​រលូន​មើល​ឃើញ​បញ្ហា​ដែល​នឹង​ត្រូវ​ដោះស្រាយ គឺ​សមាសភាព​សមាជិក​នៅ​មិន​ទាន់បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទើប​មានការ​លំបាក​សម្រាប់​ការ​ចុះ​បំពេញ​កាតព្វកិច្ច​កិច្ច ប៉ុន្តែ​អគ្គលេខាធិការ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល​ថា​នឹងធ្វើ​ប័ណ្ណ​សមាជិក​សំគាល់​ដល់​ប្រតិភូ​គណបក្ស​នយោបាយ​ដែល​ចុះទៅ​មូលដ្ឋាន​។​

នា​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​នៅ​វិមាន​សន្តិភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បានរៀបចំ​កិច្ចប្រជុំ​លើកដំបូង​ដែលមាន​គណបក្សនយោបាយ​ចំនួន​១៥ បាន​ចូលរួម ក្នុងនោះ​ប្រធាន​ប្តូរ​វេន​ដឹកនាំ​ប្រជុំ​គឺ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជាមួយគ្នានេះដែរ​តំណាង​គណបក្សនយោបាយ​នីមួយៗ​បាន​លើក​របៀប​វរៈ​ពី​ការងារ​សង្គម​ជាដើម ប៉ុន្តែ​អ្វីដែល​មានការ​ពិភាក្សា​ចំបង គឺ​សមាសភាព​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មិនទាន់បាន​ផ្សព្វផ្សាយ​ទូលំទូលាយ ដើម្បី​បង្ក​ភាពងាយស្រួល​នៅពេល​ចុះ​ប​ពេញ​ការងារ​នៅតាម​មូលដ្ឋាន​រាជធានី ខេត្ត​។​

ឯកឧត្តម ឈឹម ផល​វរុន អគ្គលេខាធិការ​បានបញ្ជាក់​ថា ដើម្បី​ភាពងាយស្រួល និង​មាន​ភាពច្បាស់លាស់​ដល់​ដំណើរ​ការងារ​ទាំង​សមាជិក និង​អាជ្ញាធរ​មូលដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នឹងធ្វើ​ប័ណ្ណ​សំគាល់​ជូន​ប្រធាន និង​អនុប្រធាន​ប្រតិភូ​របស់​គណបក្សនយោបាយ​នីមួយៗ​។​

លើសពីនេះ​ឯកឧត្តម ញឹក ប៊ុនឆៃ បាន​បង្ហាញថា បរិយាកាស​នៃ​កិច្ចប្រជុំ​ដំបូង​ជា​លទ្ធផល​មួយ​សម្រាប់​បន្ត​ការ​រិះរក​នូវ​មូលដ្ឋាន​ក្នុងការ​កែលម្អ និង​ជម្រុញ​ការងារ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ដែល​កំពុងមាន​សក្តានុពល​លើ​គ្រប់​វិស័យ​។​

ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា គឺ​អនុវត្តន៍​តាម​គោល​កាណ៍​បន្តវេន​មួយខែ ម្តង​តាម​លេខ​រៀង​បញ្ជី​បោះឆ្នោត ក្នុងនោះ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ មាន​លេខាធិការដ្ឋាន​មួយ ទទួលខុសត្រូវ​ដោយ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មន្ត្រី​ម្នាក់​មកពី​គណបក្ស​នីមួយៗ​។​

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ ត្រូវ​ប្រជុំ​រៀងរាល់​មួយខែ​ម្តង តាម​ការកោះប្រជុំ​របស់​ប្រធាន​បន្តវេន ហើយ​ប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​៦​ខែម្តង ឬ ជាការ​ចាំបាច់​របស់​នា​យក​រដ្ឋមន្ត្រី ដែល​ធ្វើ​នៅ​ចន្លោះ​ពេលនេះ តាម​ការកោះប្រជុំ​របស់​នាយករដ្ឋមន្ត្រី​៕