ជឿ​​នឹង​ភ្នែក​ហើយ​ម្តង​នេះ ឌុច លីដា​ លេងប្តូរចរិតបត់បែនភ្លាមៗស្ទើរតែគ្រប់ទម្រង់ តាម​​មិន​ចង់ទាន់

3089

ភ្នំពេញ៖ ទស្សនិកជន​ដែល​​និយម​គាំ​ទ្រ​ភាព​យន្ត​ខ្មែរ ជា​ពិសេស​គាំទ្រ​តារា​ស្រី​ ឌុច លីដា ច្បាស់​ជា​ប្លែក​ភ្នែក​ប្លែក​អារម្មណ៍​ជាមួយ​សមត្ថភាព​សម្តែង​ដ៏​ពិសេស​របស់​នាងតាម​រយៈ​រឿង​ “ទេពធីតានិស្ស័យ” ដោយ​ក្នុង​រឿង​ថ្មីនេះ​ ឌុច លីដា នឹង​កសាងភាពភ្ញាក់ផ្អើលជាមួយ​នឹង​ការ​​ប្តូរ​ចរិត​តួអង្គស្ទើរតែ​គ្រប់​ទម្រង់​​មាន​ទាំង​ ស្លូត កាច ក្រមិចក្រមើម បែបឡប់ៗ ប្តូរចរិត​ពី​ប្រុស​ទៅ​ស្រី ជាដើម។​

កន្លង​មក​ទស្សនិកជន​ប្រាកដ​ជា​​ធ្លាប់​បាន​ឃើញ​ពី​ស្នាដៃ​ ក៏​ដូចជា​ការ​សម្តែង​របស់​សិល្បការនី​រូប​នេះ​ជាពិសេសទទួល​រង​ព្យុះ​រិះគន់​ពី​ឈុត​សិចស៊ី​ក្តី តែ​ទាំង​នេះ​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់ ឌុច​ លីដា ​ឡើយ។ តួយ៉ាងសន្ទុះ​ប្រជាប្រិយភាពរ​បស់​តារាសម្បុរស្រអែម​រូបនេះ​នៅ​តែ​ក្តាប់​ទីផ្សារ​ភាព​យន្ត​ដដែល ថែម​តាំង​ក្តោបការងារ​ជាច្រើន​ហូរហែក្នុងវិស័យសិល្បៈនេះទៀតផង​។

​ទស្សនិក​ជន​នឹង​កាន់តែ​ភ្ញាក់ផ្អើល​ជា​មួយ​រូបភាពថ្មីតាមរយៈរឿង “ទេពធីតានិស្ស័យ” ដែល​បាន​បញ្ចាំង​នៅលើកញ្ចក់ទូរទស្សន៍​ប៉ុស្ត៍​បាយ័ន​បាន ៨ភាគរួ​ចមក​ហើយ​នោះ ដែលមាន​ ឌុច លីដា រួម​ទាំង​លោក ឈឹម សក្កដា ​តួឯកប្រុសសម្តែង​ជា​តួអង្គ​ រ៉ាយុ នោះ​នឹង​ត្រៀម​​បង្ហាញ​ជូន​ទស្សនិកជន​មិន​ឱ្យ​ខក​បំណង​ឡើយ។ ​ឌុច លីដា សម្តែង​ជា​​តួ​​ឈ្មោះ​ និស្ស័យ ពី​ដំបូង​ឡើយ​នាងជា ទេពធីតា មានតួនាទី​ជា​អ្នក​ភ្ជាប់​និស្ស័យ​ឱ្យ​មនុស្ស​លោក ថ្ងៃមួយ និស្ស័យ មិន​អាច​បំពេញ​បំណង​ រ៉ាយុ ដោយ​នាង​បាន​ធ្វើ​ឱ្យ​តួ​ប្រុស​បែកបាក់ស្នេហា។ និស្ស័យ នៅ​ចាំ​តាម​ជួយ​រក​សង្សារ​ឱ្យ​តួ​ប្រុស​តែ​ទីបំផុត​នាង​ខ្លួន​ឯង​ត្រូវ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍ រ៉ាយុ ដកចិត្ត​មិន​រួច​ទៅ​វិញ។ ​ដើមហេតុ​នោះ​ ដោយ​សារ​អ្នក​ទាំង​ពីរ​ធ្លាប់ជា​សង្សារ​ស្រលាញ់​គ្នា​ប្តូរផ្តាច់​កាល​ពី​អតីតជាតិ​មក​ម្ល៉េះ។
ប៉ុន្តែ​យប់​នេះ​ជាមួយ​នឹង​ វគ្គថ្មីភាគទី៩ នៅ​ក្នុង​រឿង “ទេពធីតានិស្ស័យ​” ​ទស្សនិកជន​នឹង​កាន់តែ​ភ្ញាក់​ផ្អើល​ជាមួយ​រសជាតិ​ថ្មី ដែល​ ឌុច លីដា រួមទាំង​លោក ឈឹម សក្កដា បាន​សហការ​គ្នា​សម្តែ​ង​ក្នុង​រសជាតិ​ថ្មី​មួយ​ទៀត​គឺ​ការប្តូរ​វិញ្ញាណ​ ពី​ចរិត​ស្រី​ ទៅ​ចរិត​ប្រុស ហើយ​តួ​ប្រុស​ទៀត​សោត​នោះ​ក៏​បាន​ប្តូរ​ចរិត​ពី​តួ​ប្រុស​មក​តួ​ស្រី​វិញ​ដែរ។


ចង់​ដឹង​យប់​នេះ​ តួអង្គ និស្ស័យ សម្តែង​ដោយ ឌុច​ លីដា បញ្ចេញ​សមត្ថភាព​សម្តែង​បាន​ដល់​កម្រិត​ណា កុំ​ភ្លេច​តាម​ដាន​នៅ​តាម​កញ្ចក់ទូរទស្សន៍​ប៉ុស្ត៍​បាយ័ន ​ចាប់​ពី​ម៉ោង ៨ ដល់ ៩យប់ជារៀងរាល់ថ្ងៃ ច័ន្ទ ដល់​ថ្ងៃ ព្រហស្បត្តិ៍៕