កម្ពុជា​មិនទាន់​រក​បាន​មេដាយ ១​គ្រឿង​នៅ ASEAN School Games ឡើយ

115

កីឡា​សិស្ស៖ រយៈពេល ៤​ថ្ងៃ​មក​ហើយ ដែល​ព្រឹត្តិការណ៍​កីឡា​សិស្ស​ប្រចាំ​តំបន់​អាស៊ាន ASEAN School Games លើក​ទី​១១ ឆ្នាំ​២០១៩ បាន​ធ្វើ​ការប្រកួត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី តែ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កក្កដា អត្ត​ព​លិ​ក​កម្ពុជា​នៅ​មិនទាន់​ដណ្ដើម​បាន​មេដាយ​អ្វី ១​គ្រឿង​នោះ​ទេ។

ចំពោះ​លទ្ធផល​ប្រកួត​របស់​អត្ត​ព​លិ​ក​កម្ពុជាកាលពី​ម្សិលមិញ​វិញ រួមមាន​កីឡាហែលទឹក​៖ កីឡាករ អ៊ូង លី​ហេង ប្រកួត​លើ​វិញ្ញាសា ២០០​ម៉ែត្រ​របៀប​ហែល​កង្កែប​ផ្ដាច់ព្រ័ត្រ ទទួល​បាន​លេខ​៨ និង​កីឡា​ការិនី កាំ​ង មុយ​នី​ន ប្រកួត​លើ​វិញ្ញាសា ២០០​ម៉ែត្រ ហែល ៤​របៀប​ឯកត្តជន​ផ្ដាច់ព្រ័ត្រទទួល​បាន​លេខ​៧។ ចំណែក​កីឡា​វាយ​សី​៖ ប្រកួត​វិញ្ញាសា​ឯកត្តជន​បុរស​-​នារី រួមមាន​កីឡាករ សុខ រីករាយ ចាញ់​កីឡាករ​ម៉ាឡេស៊ី ២, កីឡាករ ភា សុ​ថៃ ចាញ់​កីឡាករ​ហ្វីលីពីន ២០ និង​កីឡា​ការិនី ហៀ​ង លក្ខិណា ចាញ់​កីឡា​ការិនី​សិង្ហ​បុរី ២០។​ ដោយ​ឡែក​​កីឡាករ​អត្តពលកម្ម​៖ វិញ្ញាសា​រត់ ៨០០​ម៉ែត្រ​នារី​វគ្គ​ជម្រុះ​សេ​រ៊ី​ទី​១ កីឡា​ការិនី កាន់ ស្រីរ័ត្ន ទទួល​បាន​លេខ​៥ និង​រត់ ៨០០​ម៉ែត្រ​នារី​វគ្គ​ជម្រុះ​សេ​រ៊ី​ទី​២ កីឡា​ការិនី គន ដា​រ៉ែ​ន ទទួល​បាន​លេខ​៥។ វិញ្ញាសា​រត់​ល្បឿន ២០០​ម៉ែត្រ​នារី​វគ្គ​ជម្រុះ កីឡា​ការិនី ប៉ែន សីហា ទទួល​បាន​លេខ​៧។ វិញ្ញាសា​រត់ ៣​គីឡូម៉ែត្រ​នារី​ផ្ដាច់ព្រ័ត្រ​កីឡា​ការិនី បូ សំណាង ទទួល​បាន​លេខ​៦ និង​ប្រកួត​វិញ្ញាសា​រត់ ៣​គីឡូម៉ែត្រ​បុរស​ផ្ដាច់ព្រ័ត្រ កីឡាករ ឡែ ពិសិដ្ឋ ទទួល​បាន​លេខ​១០។​

ជា​រួម​មក​ទល់​ពេល​នេះអត្ត​ព​លិ​ក​កម្ពុជា រួម​ជាមួយ​អត្ត​ព​លិ​ក ២​ប្រទេស​ផ្សេងទៀតរួមមាន​ប្រ៊ុយណេ និង​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​ដណ្ដើម​បាន​មេដាយ​សូម្បីតែ ១​គ្រឿង​នោះ​ទេ។ រីឯ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីកំពុង​ឈរ​កំពូល​តារាង​មេដាយ​បណ្ដោះអាសន្ន ដោយ​ដណ្ដើម​បាន​សរុប ៣៦​គ្រឿងមាន​មេដាយ​មាស១៦, ប្រាក់១០ និង​សំរឹទ្ធ១០ តាម​ពីក្រោយ​ដោយ​អត្ត​ព​លិ​ក​ថៃដណ្ដើម​បាន​មេដាយ​សរុប ៣៨​គ្រឿង មាន​មេដាយ​មាស១២, ប្រាក់១៣ និង​សំរឹទ្ធ១៣។ រីឯ​ម៉ាឡេស៊ីឈរ​លេខ​៣ មាន​មេដាយ​សរុប ២៨​គ្រឿង គឺ​មាន​មេដាយ​មាស៨, ប្រាក់១២ និង​សំរឹទ្ធ៨។​ ក្រៅ​ពី​នេះអត្ត​ព​លិ​ក​សិង្ហ​បុរី វៀតណាម ហ្វីលីពីន និង​ឡាវ ក៏​សុទ្ធតែ​ដណ្ដើម​បាន​មេដាយ​ដែរ គ្រា​ដែល​ការប្រកួត​គ្រោង​នឹង​បញ្ចប់នៅ​ថ្ងៃ​២៥ ខែ​កក្កដា​ខាងមុខ។ ចំពោះ​ព្រឹត្តិការណ៍​នេះកម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក ៥​ប្រភេទ​កីឡា​ទៅ​ចូលរួមគឺ​មាន​កីឡាអត្តពលកម្ម ហែល​ទឹក វាយ​កូនឃ្លី​លើ​តុ វាយ​សី និង​កីឡា​វាយ​កូន​បាល់៕

អត្ថបទ៖ លី ឈុន​ឡា