Zidane​ បញ្ជាក់​ថា Gareth Bale នឹង​ត្រូវ​លក់​ចេញ​

222

បាល់ទាត់៖ ​អនាគត​របស់ Gareth Bale ប្រហែលជា​ត្រូវ​ឃ្លាតឆ្ងាយ​ពី Real Madrid ហើយ បន្ទាប់ពី​គ្រូ​បង្វឹក Zinedine Zidane ​បាន​បង្ហើប​ពី​គម្រោង​លក់​កីឡាករ​សញ្ជាតិ​វែ​ល​រូប​នេះ​។ ​កីឡាករ​វ័យ 30ឆ្នាំ​រូប​នេះ​មិន​មាន​វត្តមាន​ឡើយ​ ក្នុង​ការ​ប្រកួត​មិត្តភាព​ដែល Real Madrid ចាញ់ Bayern Munich 3-1 នៅ​ទីក្រុង Houston សហរដ្ឋអាមេរិក​។

​​និយាយ​ក្រោយ​ចប់​ការប្រកួត​នោះ Zidane​ អោយ​ដឹង​ថា ក្លិប​គិត​ថា Bale នឹង​ចាកចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈ​ពួក​យើង​កំពុង​ធ្វើ​ការ​រឿង​នេះ​ ដើម្បី​សម្រេច​ការ​ផ្ទេរ​ចេញទៅ​ក្លិប​ថ្មី​។ ជា​ការ​ពិត​លោក​មិន​មាន​បញ្ហា​អ្វី​ជាមួយ Bale ឡើយ តែ​ការ​ចង់​អោយ​កីឡា​ករ​វែល​រូប​នេះ​ផ្លាស់​ទៅ​ក្លិប​ថ្មី គឺ​ដើម្បី​អនាគត​របស់​គាត់​។ ​បញ្ជាក់​ថា Gareth Bale ដែល​នៅសល់​កិច្ចសន្យា​ជាមួយ Real Madrid បី​ឆ្នាំ​ទៀត​នោះ បាន​ផ្លាស់​មកកាន់ Real Madrid តាំងពី​ឆ្នាំ2013 ពី Tottenham Hotspur ក្នុង​តំលៃ 85​លាន​ផោន ​ដែល​ជា​កំណត់ត្រា​ពិភពលោក​នៅ​ពេល​នោះ​។ តាំងពី​ពេលនោះ​មក​គេ​គឺជា​ចំណែក​ក្នុង​ការ​ជួយ​ក្រុម​លើក​ពាន UEFA Champions League 4​លើក​។

​​បញ្ហា​របួស​គឺ​ធ្វើ​អោយ​កីឡា​ករ​វែល​រូប​នេះ ​មាន​តំណែង​មិន​ទៀងទាត់​ឡើយ​នៅ Real Madrid និង​តែងតែ​នៅ​ក្រៅជម្រើស​របស់​គ្រូ​បង្វឹក Zinedine Zidane​ ពោល​គឺ​ 4​រដូវ​កាល​ចុងក្រោយគេ​បង្ហាញខ្លួន​សរុប​បានតែ 79ប្រកួត​ប៉ុណ្ណោះនៅ La Liga ​ខណៈ​រដូវ​កាល​មុន​លេង​សរុប​បាន 42ប្រកួត​គ្រប់​ក្រប​ខណ្ឌ តែ​ពាក់កណ្ដាល​នៃ 42ប្រកួត​នោះ​ជា​កីឡាករ​បម្រុង​។​ ​ចំពោះ​ក្លិប​ដែល​ធ្លាប់​បាន​ធ្វើ​ទំនាក់ទំនង​ចង់បាន Gareth Bale កន្លងមក​រួម​មាន Manchester United, អតីត​ក្លិប​ចាស់ Tottenham Hotspur, Bayern Munich និង​ក្លិប​មួយ​ចំនួន​នៅ​លី​គ​ចិន​៕

អត្ថបទ​៖​នាង សុភា​វុ​ធ​