រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​ពន្ធដារ​ ជំរុញ​បន្ថែម​សម្រាប់​ជា​អាទិភាព​ ក្នុងការ​ប្រមូល​ពន្ធ

108

 

ភ្នំពេញ ៖ ​រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​ពន្ធដារ​គ្រប់​លំដាប់​ បន្ត​បំពេញ​ការងារ​កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់​ពន្ធ​ចូល​ក្នុង​ប្រព័ន្ធ ​រួមមួយ​, ការ​ធ្វើឱ្យ​អ្នក​ជាប់​ពន្ធ​ងាយ​ស្រួល​ ក្នុងការ​បង់ពន្ធ​, ​ការរៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​លំបាក​សម្រាប់​ការ​គេចវេះ​ពន្ធ ​ដើម្បី​ធានា​ឱ្យបាន​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព ​មាន​សមធម៌​ក្នុង​ការ​បង់ពន្ធ​ និង​យុត្តិធម៌​សង្គម​។

ឯកឧត្តម ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បានលើកឡើង​ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមិថុនា​ និង​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​២៣​ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ថា សម្រាប់​ឆ្នាំ​២០១៩ ​នេះ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការប្រមូល​ចំណូល​ពន្ធ ​និង​ឈាន​ទៅ​ការប្រមូល​ចំណូល​ពន្ធ​គ្រប់​តាម​ផែនការ​ច្បាប់​កំណត់ និង​ឈាន​ទៅ​សម្រេច​លើស​ផែនការ​ឱ្យបាន​ជា​អតិបរិមា ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ត្រូវ​បន្ត​បេសកកម្ម​របស់ខ្លួន ​លើ​វិធានការ និង​ទិសដៅ​ត្រូវ​អនុវត្ត​មួយចំនួន​ដូចជា បន្ត​តាម​ដាន​វឌ្ឍនភាព និង​អនុវត្ត​វិធាន​ការដែល​បានដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ​ដោយ​រៀបចំ​វិធាន​និង​នីតិវិធី​លម្អិត​ដើម្បី​អនុវត្ត​, ​តាមដាន​វឌ្ឍនភាព​និង​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​, និង​រៀបចំ​ស្នើ​នូវ​វិធានការ​បន្ថែម​ក្នុង​ករណី​ចាំបាច់​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម ។

ក្រៅពីនេះ​ ត្រូវ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​សិក្សា​រៀបចំ​បន្ថែម​នូវ​បទប្បញ្ញត្តិ ​ស្ដី​ពន្ធដារ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​អនុក្រឹត្យ ​នៃ​ការលើកទឹកចិត្ត​សហគ្រាស​ធុន​តូច​និង​មធ្យម​ ក្នុង​វិស័យ​អាទិភាព​ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ ​ ជំរុញ​កំណើន​សកម្មភាព​សេដ្ឋកិច្ច ​ពង្រឹង​និង​ជំរុញ​ការ​កាន់​បញ្ជី​ការ​គណនេយ្យ​, ការពិនិត្យ និង​សិក្សា​លើ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុងការ​ជំរុញ​ និង​ទាក់ទាញ​ការវិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ជា​ធាតុ​ចូល​លើ​សេចក្តីព្រាងច្បាប់​វិនិយោគ​ថ្មី​, បន្ត​យកចិត្តទុកដាក់​ការ​ចចារ​កិច្ចព្រមព្រៀង​នៃ​ការចៀសវាង​ការ​យកពន្ធ​ត្រួតគ្នា​, ពិនិត្យ និង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​, ពង្រឹង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ ​និង​ជំរុញ​កា​រប្រមូល​ចំណូល​ពន្ធ​ដែល​គ្រប់គ្រង លើ​រាល់​សហគ្រាស​និង​អាជីវកម្ម​ដែល​ជ្រក​ក្រោម​ស្លាក​យីហោ​កាស៊ីណូ ដែល​មិនបាន​បង់ពន្ធ​ស្របតាម​ច្បាប់​កំណត់​។

ពាក់ព័ន្ធ​នឹង​ការប្រមូល​ពន្ធ​នេះ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​ពន្ធដារ​គ្រប់​លំដាប់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ បាវចនា​-​គោលការណ៍​ រួម​ក្នុង​ការ​បំពេញការងារ គឺ​កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់​ពន្ធ​ចូលក្នុង​ប្រព័ន្ធ​រួមមួយ​, ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល​ក្នុងការ​បង់ពន្ធ​, រៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​លំបាក​សម្រាប់​ការ​គេចវេះ​ពន្ធ និង​ធានា​ឱ្យ​បាន​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព មាន​សមធម៌​ក្នុង​ការ​បង់ពន្ធ និង​យុត្តិធម៌​សង្គម​៕