គ្រូ​គិរីវង់​៖ ប៉ះ​វិសាខា​នឹង​ល្អមើល​ជាង​លី​គ ខណៈ​លោក ហុក សុចិ​ត្រា យក​ណាហ្គា​ជា​បទពិសោធន៍

257

បាល់ទាត់៖ ថ្នាក់ដឹកនាំ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ និង​វិសាខាបាន​សម្ដែង​ការ​គោរព​គ្នា​ទៅវិញទៅមក បន្ទាប់ពី​ចាប់ឆ្នោត​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិលើក​ទី​១៣ នា​ខែ​សីហា​។ ប៉ុន្តែ​លោក ផាន់ ចាន់​ផាត អ្នកចាត់ការ​ទូទៅ​ក្រុម​គិរីវង់​ជឿ​ជាក់​ថា ប៉ះ​វិសាខា​លើ​នេះ​នឹង​ល្អមើល​ជាង​លី​គ ខណៈ​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​ក្រុម​វិសាខា បាន​យក​ណាហ្គា​វើ​ល​ដ៏​ជា​បទពិសោធន៍ ដ្បិត​ណាហ្គា​បាន​ធ្លាក់​ដោយសារ​គិរីវង់។

លោក ផាន់ ចាន់​ផាត អ្នកចាត់ការ​ទូទៅ​ក្រុម​គិរីវង់​

លោក ផាន់ ចាន់​ផាត បាន​ទទួល​ស្គាល់​ វិសាខាគឺជា​ក្រុម​សម្បូរ​ដោយ​ធនធាន​កីឡាករ​ជម្រើស​ជាតិ និង​ល្អ​ៗ​ច្រើនតែ​មិន​បារម្ភ​នោះ​ទេ ព្រោះ​មកដល់​វគ្គ​នេះក្រុម​ណា​ក៏​ខ្លាំង​ដែរ ពិសេស​ក្រុម​គិរីវង់ក្រោយ​ទម្លាក់​ក្រុម​ណាហ្កា​វើ​ល​ដ៏ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ ពួកគេ​ត្រូវការ​ខិតខំ​ប្រឹង​បន្ថែមដើម្បី​យកឈ្នះ​វិសាខា​ទៀត។ លោក​ជឿជាក់​ក្រុម​ខ្លួន​នឹង​ធ្វើ​បាន​ល្អ ទោះបី​គិរីវង់​ទើប​បរាជ័យ​ក្រោម​ថ្វី​ជើង​វិសាខា​ទាំង ២​ជើង​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​ក៏ដោយ។ ​ដោយឡែក​លោក ហុក សុចិ​ត្រា បាន​អះ​អាង​ថា ប៉ះ​គិរីវង់​មិន​មែន​ជា​ការ​ប្រកួត​ងាយស្រួល​នោះ​ទេ ព្រោះ​ពួក​គេ​បាន​ទម្លាក់​ក្រុម​ណាហ្គា​វើ​ល​ដ៏ ដែល​នេះ​គឺជា​មេរៀន​មួយ​ដ៏​ល្អ ត្រូវ​ជំរុញ​កីឡាករ​វិសាខា​ឲ្យ​ខិតខំ និង​ត្រៀមខ្លួន​ឲ្យ​កាន់តែ​ល្អ។ តែ​យ៉ាងណា​លោក​ក៏​សប្បាយចិត្ត ក្រោយ​ចាប់ឆ្នោតបាន​ធ្វើ​ម្ចាស់ផ្ទះនៅ​ជើង​ទី​១ មុន​ផង​ដែរ។​

លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​ក្រុម​វិសាខា

សូម​រំ​លឹកថា កាលពី​វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយ គិរីវង់​បាន​ទម្លាក់​ណាហ្គា​វើ​ល​ដ៏ ឯ​វិសាខា​បាន​ទម្លាក់​ក្រុម​នគរបាល​ជាតិ​។ ចំពោះ​កម្មវិធី​ប្រកួត​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​វិញ វិសាខា​នឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់​ខ្លួន ទទួល​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​មុន​នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា មុន​ធ្វើដំណើរ​ទៅ​ខេត្ត​តាកែវ​ដើម្បី​ប្រកួត​កាត់សេចក្ដី​ជើង​ទី​២ ជាមួយ​គិរីវង់​នា​ថ្ងៃ​ទី​២១ ខែ​សីហា៕

អត្ថបទ៖ លី ឈុន​ឡា