មី​យ៉ាន់​ម៉ា​ត្រៀមខ្លួន​តិចតួច​បំផុត​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា

159

មី​យ៉ាន់​ម៉ា​៖ យោង​តាម​ការ​អះ​អាង ​របស់​ក្រុម​ស្រាវជ្រាវ​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា សហភាព​មី​យ៉ាន់​ម៉ាបាន​ត្រៀម​ខ្លួន​ក្នុង​កម្រិត​អប្បបរមា​ប៉ុណ្ណោះ សម្រាប់​ការ​វិល​ត្រឡប់មកវិញ​របស់​ជនភៀសខ្លួន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​បោះជំរំ​នៅ​ក្នុង​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ថ្វីត្បិតតែ​ប្រទេស​មួយ​នេះបាន​និយាយ​ថា ពួកគេ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើ​មាតុភូមិ​​និវត្តន៍ ​សម្រាប់​ជនភាគតិច​ទាំងនេះ​ក៏ដោយ​។

គួរ​ឲ្យ​ដឹងថា ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​ ៧០​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំចិត្ត​រត់​ភៀសខ្លួន ​ចេញពី​រដ្ឋ​ភាគ​ខាងជើង​រ៉ា​ឃី​ន​ស្ថិត​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា អំឡុង​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ពី​យោធា​កាលពី​ឆ្នាំ​២០១៧ ដែល​អង្គការ​សហ​ប្រ​ជាជាតិបាន​ចាត់ទុកថា ​ជា​ការ​សម្លាប់​រង្គាល​ទ្រង់ទ្រាយ​ធំ និង​ការ​ចាប់​រំលោភក្នុង​គោលបំណង​ប្រល័យ​ពូជ​សាសន៍​នោះ​។​ ភូមិ​ឋានជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង ​៤០០​កន្លែងត្រូវ​បាន​ដុត​កម្ទេច​ចោល​ក្លាយ​ជា​ផេះផង់ អំឡុង​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​នេះ​។​ វិទ្យាស្ថាន​គោល​នយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី​ (ASPI) បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រកន្លងទៅថា ស្រប​ពេល​ដែល​ក្រុម​អាជ្ញាធរបាន​សន្យា ​ផ្ដល់​ទីជម្រក​ឡើងវិញ​ដល់​ជនភៀសខ្លួន​ទាំង​អស់​នេះ ការវិភាគ​តាម​រូបភាព​ផ្កាយរណបបង្ហាញ​ថា គ្មាន​សញ្ញា​ណា​មួយ​នៃ​ការ​កសាង​ភូមិ​ឋាន​ឡើង​វិញ​នោះ​ទេ ​នៅ​តំបន់​ដែល​ជនភាគតិច​ទាំងនេះ​ធ្លាប់​បាន​ស្នាក់អាស្រ័យ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះ​ទេ ​ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​អ្នកស្រុកនៅតែ​បន្ត​ កើតមានឡើង​ថែមទៀត​ផង​។

របាយការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា តាមរយៈ​ការវិភាគ​យ៉ាង​ច្បាស់​ លើ​រូបភាព​ផ្កាយរណប​របស់​ពួក​យើង បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​បំផ្លិច​បំផ្លាញ​នៅតែ​បន្ត​កើតមាន​ ​លើ​តំបន់​រស់នៅ​របស់​ជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​ នេះជាហេតុ​ធ្វើ​ឲ្យ​មានការ​ចោទសួរ ​ដល់​ឆន្ទៈ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក្នុង​ការ​សម្រប​សម្រួល​ដំណើរ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ ប្រកប​ដោយ​សុវត្ថិភាព និង​សេចក្ដី​ថ្លៃថ្នូរ​៕

អត្ថបទ៖ សារ៉ាត់