យុវជន​កូនកាត់​ហ្គាណា ឡេង ណូ​រ៉ា ដាក់​គោលដៅ​លេង​ឲ្យ​កម្ពុជា​តែមួយគត់

12157

បាល់ទាត់៖ កីឡាករ​កូនកាត់​ខ្មែរ​-​ហ្គា​ណា ឡេង ណូ​រ៉ា បាន​សម្ដែង​ការ​ត្រេកអរ​ជា​ខ្លាំង បន្ទាប់ពី​បាន​ជា​ប់​ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​កម្ពុជា ហើយ​គេ​បាន​កំណត់​ទិសដៅ នឹង​បន្ដ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តែមួយគត់ បើ​សិន​សហព័ន្ធ​ផ្ដល់​ឱកាស ​ដោយ​មិន​ទៅលេង​ឲ្យ​ហ្គា​ណាដែល​ជា​សញ្ជាតិ​ដើម​ របស់​ឪពុក​ខ្លួន​ឡើយ។

យុវជន​មាន​ស្បែក​ខ្មៅ​កាត់​ទៅ​ឪពុក​រូប​នេះ បាន​ថ្លែងប្រាប់​ក្រុមការងារ BTV កាល​ពី​ពេល​ថ្មីៗមុន​ឡើង​យន្តហោះ​ទៅ​ថៃ ដើម្បី​ត្រៀម​ប្រកួត​ពានរង្វាន់ AFF U-15 Championship 2019 កាលពី​ម្សិលមិញ​ថា រូបគេ​បាន​ត្រៀម​ខ្លួន​រួចរាល់ដើម្បី​ជួយ​ក្រុម U-15 កម្ពុជា ហើយ ណូ​រ៉ា ក៏បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹង​ប្រែង ដើម្បី​មានឱកាស​ជាប់​ជម្រើស​ជាតិ​នា​ពេល​ក្រោយ​ទៀត​ផង។​ សូម​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​វ័យក្មេង ឡេង ណូ​រ៉ា គឺជា​យុវជន​របស់​ក្លឹប​វិសាខា ខណៈ​បច្ចុប្បន្ន​រូបគេ​ជាមួយ​ក្រុម​ជម្រើស​ជាតិ U-15 កម្ពុជា​កំពុង​ស្ថិតនៅ​ខេត្ត​ឈុន​បូរីប្រទេស​ថៃ ដើម្បី​ត្រៀម​ប្រកួត​ពានរង្វាន់ AFF U-15 Championship 2019 ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដល់​ថ្ងៃ​ទី​០៩ ខែ​សីហា​ខាងមុខ​។ បេសកកម្ម​នេះកម្ពុជា​ស្ថិត​ក្នុង​ពូ​ល B ជាមួយ​ម្ចាស់ផ្ទះ​ថៃ អូស្ត្រាលី ប្រ៊ុយណេ ឡាវ និង​ម៉ាឡេស៊ី៕

អត្ថបទ៖ លី ឈុន​ឡា