ACU ត្រៀម​មន្ត្រី​ជាច្រើន ដើម្បី​បង្ក្រាប​បទល្មើស​ពុករលួយ​ក្នុងអំឡុងពេល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​

594

ភ្នំពេញ ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់ ACU បាន​អះអាងថា ​នៅក្នុង​ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ដែល​នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃទី​១៩ ​ខែសីហា​ខាងមុខនេះ ACU ​មិន​ដាក់​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ នៅតាម​បន្ទប់​ប្រលង​ដូច​បណ្តា​ឆ្នាំ​កន្លងមក​នោះទេ​ ប៉ុន្តែ​មន្ត្រី​ ACU ​នឹង​ចុះ​អន្តរាគមន៍​ភា្លម​ៗ ​ប្រសិនបើ ACU ទទួល​ការ​រាយការណ៍​ថា ​មាន​មន្ត្រី​អនុរក្ស ឬ​បេក្ខជន ​ប្រព្រឹត្តិ​បទល្មើស​ពុករលួយ​នៅ​ក្នុង​មណ្ឌល​ប្រលង​។

ថ្លែងប្រាប់​BTV តាម​ទូរ​ស័ព្ទ​ នៅ​ថ្ងៃទី​២៥ ខែ​កក្កដា​ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​បាន​លើកឡើងថា​ នៅពេលនេះ ​មាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជាច្រើន​នៅតាម​បណ្តា​នាយកដ្ឋាន​នានា ​បាន​និងកំពុង​ត្រៀមខ្លួន​តាម​ឃ្លាំមើល​និង​ចុះ​អន្តរាគមន៍​ចាត់វិធានការ​ភ្លាមៗ​ ប្រសិនបើ​មានការ​រាយការណ៍​អំពី​ករណី​អំពើពុករលួយ​ណា​កើតមាន​នៅ​ក្នុង​បន្ទប់​ប្រលង​។

ឯកឧត្តម ​បន្តថា មកដល់ពេលនេះ ACU ទទួល​បាន​ការផ្តល់​សិទ្ធ​ជាច្រើន​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា អោយ​មន្ត្រី ACU​ ចូលក្នុង​បន្ទប់​ប្រល​ង និង​ទីតាំង​អនុវត្ត​ការងារ​ផ្សេងៗ​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​លោក ឌី ខាំ​បូ​លី ​ថ្លែងថា​ នៅក្នុង​ការប្រលង​បាក់​ឌុប​ឆ្នាំនេះ ក្រសួង​អប់រំ​នៅតែ​រក្សា​គោលការណ៍​ប្រលង​ចំនួន​៤​ ដដែល​ ក្នុងនោះ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​នៅតែ​បន្ត​គាំទ្រ ​ជួយ​លើ​ដំណើរការ​ប្រលង​នេះ​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​។

របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យដឹងថា ​កា​រប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយ ​ភូមិ ដែល​គេ​ស្គាល់​ជាទូទៅ​ថា​បាក់​ឌុប​នៅ​ឆ្នាំ​២០១៩​នេះ ​មាន​បេក្ខជន​ដាក់ពាក្យ​សរុប​ចំនួន​១១​ម៉ឺន​៩២១៧​នាក់ ​និង​មាន​មណ្ឌល​ប្រឡង​នៅ​ទូទាំង​ប្រទេស​ចំនួន​២០២​មណ្ឌល​៕