សម្ដេច​តេ​ជោ​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា ប្រជាជន​កម្ពុជា​កំពុង​តែ​សប្បាយ​រីក​រាយ​ទទួល​ផល​ពី​សុខ​សន្តិភាព

1120

អាមេរិក៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងប្រាប់​អង្គការសហប្រជាជាតិ​ថា​៖ ប្រជាជន​កម្ពុជាកំពុងតែ​សប្បាយរីករាយ​ទទួល​ផល​ពី​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន​។

​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបាន​អញ្ជើញ​ថ្លែងប្រាប់ ​ទៅ​អង្គការសហប្រជាជាតិ​បែបនេះ ក្នុង​ឱកាស​ដែល​សម្ដេច​ត្រូវ​បាន​លោកជំទាវ​ប្រធាន​មហាសន្និបាត អនុញ្ញាត​ឱ្យ​ឡើង​ថ្លែង​សុន្ទរកថា ទៅកាន់​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ ដូច​បណ្ដា​មេដឹកនាំ​ដទៃ​ទៀតដែល​ធ្វើឡើង​នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៨ ​ខែ​កញ្ញា​ម្សិលមិញ​នេះ​។​ ​សម្ដេច​មានប្រសាសន៍ថា ការ​ចូល​រួម​របស់​សម្ដេច​នៅ​ក្នុង​មហា​សន្និបាត​ពេលនេះ​ គឺ​ស្ថិត​ក្នុង​បរិយាកាស​ដែល​ប្រជាជាតិ​កម្ពុជា ​កំពុងតែ​សប្បាយរីករាយ​ទទួល​ផល​ពី​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ សម្ដេច​បន្ត​ថា កម្ពុជា​គឺជា​ករណី​ជោគជ័យ​សំខាន់​មួយ​របស់​ប្រទេស ​ដែល​ធ្លាប់​ត្រូវ​បាន​ញាំញី​ដោយសង្គ្រាម ហើយ​សម្រេច​បាន​នូវ​ការ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​គួរ​ជាទី​មោទនៈ​។



​​ពី​ប្រទេស​មួយ​ដែល​ធ្លាប់តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​វាល​ពិឃាដ ជា​តំបន់​អសន្តិសុខដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ និង​សំណល់​គ្រាប់មីន​ដ៏​គ្រោះថ្នាក់ និង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​អន់ថយ ផុង​ជាប់​ក្នុង​ភាព​ក្រីក្រ និង​មាន​អសន្តិសុខ​ស្បៀង, កម្ពុជា​បច្ចុប្បន្ន​ទទួល​បាន​សន្តិភាពពេញលេញ និង​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ មានប្រជាប្រិយ​នៅ​តំបន់​អាស៊ី ជា​ប្រទេស​នាំចេញ​ស្បៀងអាហារ​,​ មាន​ស្នាដៃ​លេខ​ធ្លោ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការកែ​លម្អ​សូចនាករ​នានា​ និង​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​ថ្មីៗ​នេះបាន​ឆ្លង​ផុត​ដោយ​ជោគជ័យ​ ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ដោយសារ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់, ​ក្នុង​រង្វង់​៧% ក្នុង ​១​ឆ្នាំក្នុង​រយៈពេលជាង​ពីរ​ទសវត្ស​វត្សរ៍​កន្លងមក​។ ​​ពី​ប្រ​ទស​ដែល​ល្បី​ក្នុង​ការ​ប្រើ​អាវុធដើម្បី​ដណ្ដើម​អំណាច​គ្នា និង​ក្នុង​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល ឥឡូវ​នេះ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ  ហើយ​គោរព​យ៉ាង​មុតមាំ​នូវ​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ជាមួយ​នឹង​ការរៀបចំ​ការបោះឆ្នោត​ដោយ​ទៀងទាត់ ,​សេរី​, និង​យុត្តិធម៌​, ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រជាជន​អាចជ្រើសរើស​មេដឹកនាំ​ប្រទេស​។

សម្ដេច​បាន​រម្លឹក​ថា​ នៅ​ក្នុង​ការបោះឆ្នោត​សកល ​ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ខែ​កក្កដា​កន្លងទៅថ្មីៗ​នេះ អ្នកបោះឆ្នោត​កម្ពុជា​ជិត​ ៧​លាន​នាក់ ឬ​ស្មើនឹង​ ៨៣.០២% នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុបបាន​ទៅ​បោះឆ្នោត និង​សម្រេច​យក​នូវ​ជ្រើស​នយោបាយ​របស់​ពួកគេដោយ​សេរី និង​គ្មាន​ការ​បង្ខិត​បង្ខំ ឬ​ការ​គំរាមកំហែង ឬ​អំពើ​ហិង្សា​ណាមួយ​ឡើយ​។ គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះ ដែល​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាព ជា​តំណាង​ស្របច្បាប់​នៃ​នយោបាយ​ពហុ​និយម និង​ឆ្លុះបញ្ចាំង​នូវ​អ្វីដែល​អ្នកសង្កេតការណ៍​ជាតិ រាប់​ម៉ឺន​នាក់​បាន​បរិយាយ​ថា ជា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​ស្ថិរភាព​នៅ​កម្ពុជា និង​ជា​ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​, យុត្តិធម៌​, និង​អាច​ជឿ​ទុក​ចិត្ត​បាន​។​តាមរយៈ​សន្លឹក​ឆ្នោត​របស់​ពួកគេ ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀត នូវ​បំណង​ប្រាថ្នា​ចង់បាន​នូវ​សុខ​សន្តិភាព, ​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាប់​មិន​ដាច់​។

​​ជា​ការ​ពិត​ ជម្រើស​ដោយ​សេរី​របស់​ប្រជាជន​កម្ពុជា និង​លទ្ធផល​ប្រកបដោយ​ធម្មាន​រូប នៃ​ការ​បោះ​ឆ្នោត​នេះមិន​មែន​ជា​ប្រធានបទ​ដែល​ត្រូវ​ចោទសួរ ឬ​ពិភាក្សា​ដេញដោល​នោះ​ទេ​។ ក៏ប៉ុន្តែមជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន​ដែល​ចិញ្ចឹម​ ជាប់​នូវ​មហិច្ឆតា​ប៉ុនប៉ង​ជ្រៀត​ជ្រែក​ចូល​កិច្ចការផ្ទៃក្នុង​របស់​កម្ពុជា នៅតែ​ធ្វើជា​មើល​មិន​ឃើញ​នូវ​គុណភាព និង​សុចរិត​ភាពនៃ​ដំណើរការ​បោះឆ្នោត​របស់​យើង តាមការ​ចេញ​សេចក្ដីថ្លែងការណ៍នានាប្រឆាំង​ ឬ​វាយប្រហារ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ដែល​ទង្វើ​បែបនេះគឺជាការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​៕

​អត្ថបទ​៖ មុត សុទ្ធ